ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រា​រហូត​វង្វេង​ស្មារតី​ រកផ្លូវទៅផ្ទះមិនឃេីញ​ ជួបក្រុមចោរប្លន់វាយសន្លប់យកម៉ូតូ​ និងកាបូបលុយទៅបាត់​ នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់​ ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​វាយប្លន់យកម៉ូតូ និងកាបូបលុយទៅបាត់ដោយសុវត្ថិភាព​ បណ្ដាល​ឱ្យ​រងរបួស​ បង្កការ​ភ្ញាក់ផ្អើល​ឡើង​កាលពីវេលាម៉ោង០៣​ ទៀបភ្លឺ​ថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ត្រង់ចំណុចជិតបុរី ប៉េងហួត តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

បុរសរងគ្រោះមានឈ្មោះ ហោរ ប៉ុនលាភ អាយុ៤៤ឆ្នាំ ជាជាងឡាន នៅផ្លូវជាតិលេខ៣ ទល់មុខនឹងអង្គភាព ង៧០​ ស្នាក់នៅកន្លែងធ្វើការមានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Honda scoppy ពណ៌ស ស៊េរីឆ្នាំ ២០២១ មិនចាំស្លាកលេខ ហើយម៉ូតូនោះ ជាម៉ូតូបង់រំលោះទៀត  ជិះតែម្នាក់ឯង តាមបណ្ដោយផ្លូវ៥៩៨ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ០២នាក់ ជិះម៉ូតូធំមួយគ្រឿង មកអែបជិត ហើយធាក់ជនរងគ្រោះ ដួលខ្ទាតទៅលើចិញ្ចើមផ្លូវ បែកមុខ បែកមាត់សន្លប់ស្ដូកស្ដឹង រួចហើយក្រុមជនសង្ស័យបានលូកយកកាបូបលុយ និងលើក ម៉ូតូជិះត្រឡប់បកក្រោយ ទៅវិញបាត់ស្រមោល បន្សល់នូវ ជនរងគ្រោះបានសន្លប់ស្តូកស្តឹងតែម្នាក់ឯង​ រយៈពេលប្រហែល០២ម៉ោង ទើបដឹងខ្លួន។

ដោយ​ឡែក​បេី​តាមការបញ្ជាក់ពី​បុរស​រងគ្រោះ​ បានឱ្យដឹងថា​ រូបគាត់បានចេញពីកន្លែងធ្វើការ នៅមុខ(អង្គភាព​ ង៧០ ) ទៅផ្ទះបងប្អូន ជួបជុំផឹកស៊ី នៅជិតផ្សារហេងលី ក្រោយពីផឹកស៊ីស្រវឹង ក៏ត្រឡប់ទៅកន្លែងស្នាក់នៅវិញ​ នៅវេលាម៉ោង​ ១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ ស្រាប់តែជិះវង្វេងផ្លូវ ក៏ជួបនឹងជនសង្ស័យចំនួន២នាក់​ បានធ្វេីសកម្មភាពត្រួតវាយរូបគាត់រួចប្លន់យកម៉ូតូ​ និងកាបូបលុយរបស់គាត់ហេីយរត់គេចខ្លួនបាត់តែម្តង។ 

ក្រោយកើតហេតុ ជនរងគ្រោះ​ ត្រូវ​បានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ចុះទៅជួយអន្តរគមន៍នាំយកមកដាក់ពាក្យបណ្ដឹង ដើម្បីកំណត់មុខសញ្ញានិងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

ដោយ៖ អរុណរះ​


ចែករំលែក៖