ព័ត៌មានទាន់ហេតុការណ៍៖

«ភូមិខ្មៅដៃ»នៅក្នុងប្រទេសឥណ្ឌា តស៊ូដើម្បីរស់នៅពេលដែលសាលារៀនត្រូវបានបិទដោយសារកូវីដ-១៩

ចែករំលែក៖

មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កម្មវិធីសិក្សារបស់កុមារប៉ុណ្ណោះទេ ការបិទទ្វារសាលារៀនបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋឥណ្ឌាដែលរស់នៅក្នុងភូមិមួយតំបន់កាស្មៀរ ប្រកបមុខរបរធ្វើខ្មៅដៃលក់។
តាមសារព័ត៌មាន The Guardian របស់អង់គ្លេសបានផ្សាយថា ខ្មៅដៃដែលប្រើប្រាស់នៅទូទាំងប្រទេសឥណ្ឌា គឺបានផលិតចេញពីភូមិ Ukhoo មានចម្ងាយពីទីក្រុង Srinagar រដ្ឋកាស្មៀរ ប្រមាណ១៦គីឡូម៉ែត្រ នៅភាគខាងត្បូង។ ភូមិ Ukhoo បានផ្គត់ផ្គង់ខ្មៅដៃជាង ៩០%នៅក្នុងប្រទេសឥណ្ឌា និង១៥០ប្រទេសជុំវិញពិភពលោក។
មុនពេលផ្ទុះកូវីដ-១៩ មានកម្មករប្រមាណ២៥០០នាក់ធ្វើការនៅក្នុងសិប្បកម្មចំនួន១៧ មានជំនាញផលិតខ្មៅដៃនៅក្នុងភូមិ Ukhoo ។ ការងារនេះបានជួយឱ្យមានការងារធ្វើដល់២៥០គ្រួសារនៅក្នុងភូមិ។ ប៉ុន្តែក្រោយរយៈពេលជិត២ឆ្នាំ ដែលសាលារៀនបិទទ្វារ ការផលិតខ្មៅដៃក៏បានថយចុះយ៉ាងខ្លាំងដោយតម្រូវការប្រើប្រាស់ក៏ធ្លាក់ចុះខ្លាំងដែរ។
កម្មករផលិតខ្មៅដៃ ត្រូវបញ្ឈប់ពីការងារដោយមិនមានប្រាក់ខែឡើយ ហើយពលរដ្ឋត្រូវបង្ខំចិត្តទៅកន្លែងផ្សេងរកការងារធ្វើដើម្បីផ្គត់ផ្គង់គ្រួសារ។ អ្នកភូមិ Ukhoo បានទន្ទឹងរង់ចាំការបើកទ្វារសាលារៀនវិញ ហើយតម្រូវការប្រើប្រាស់ និងការផលិតក៏កើនឡើងដូចដើមវិញដែរ៕ ដោយ៖ធីរីណា

រូបថត៖Getty

រូបថត៖The Better India


ចែករំលែក៖