ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃទស្សនកិច្ចការងាររបស់ លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២១។

ក្នុងដំណើរទស្សនកិច្ចនេះ លោក វុនណា ម៉ោងល្វីន បានចូលជួបសម្តែងការគួរសម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឱកាសនោះមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងការ វិវត្តនៃស្ថានការណ៍ក្នុងតំបន់នាពេលថ្មីៗនេះ ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាដោយត្រង់ទៅ ត្រង់មក អំពីវិធីដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក៏ដូចជាការពង្រឹង មជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមទទួលការ អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ ។

ក្នុងជំនួបទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្រ្តី និង លោក វុនណា ម៉ោងល្វីន កិច្ច ពិភាក្សាបានផ្ដោតសំខាន់ទៅលើបញ្ហាអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោករដ្ឋមន្រ្តី ការបរទេសមីយ៉ាន់ម៉ាបានអបអរសាទរកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយបាន សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអាទិភាព និងគម្រោងសមិទ្ធផលរបស់កម្ពុជា។ ទន្ទឹមនឹង ការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ានជាដើម។ អនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវដំណើរ ការផ្តល់ជំនួយមនុស្សធម៌។

ស្ដីពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក វុនណា ម៉ោង ល្វីន បានថ្លែងអំណរគុណជំនួយជាថវិកា និងសម្ភារៈដែលកម្ពុជាបានផ្តល់យ៉ាងទាន់ពេលវេលា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការគ្រប់គ្រង និងកាត់បន្ថយ ផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩នៅក្នុងប្រទេស។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់មីយ៉ាន់ម៉ា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា និងបានស្នើសុំ ឱ្យប្រទេសមីយ៉ាន់ម៉ាបន្តផ្តល់ជំនួយចាំបាច់សម្រាប់ការស្នាក់នៅរបស់ពួកគេ។ ភាគីទាំងពីរបាន ឯកភាពបង្កើនការងារជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាពាណិជ្ជកម្មសេដ្ឋកិច្ច ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖