ចិនបានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ជូនកុមារចំនួន១៦០លាននាក់ នៅចុងឆ្នាំ២០២១នេះ ខណៈវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗជាច្រើនបង្កក្តីបារម្ភយ៉ាងខ្លាំងនៅជុំវិញពិភពលោក ។ នេះជាការខិតខំរបស់ទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាព។
តាមតួលេខថ្មីបំផុតរបស់រដ្ឋាភិបាលចិន មានកុមារ៨៤លាននាក់ មានអាយុចាប់ពី ៣-១១ឆ្នាំ ស្មើនឹង ៥០%នៃកុមារមានអាយុអាចចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានចាក់ដូសទីមួយក្នុងរយៈពេល ២សប្តាហ៍ ចាប់តាំងពីបើកយុទ្ធនាការចាក់ជូនកុមារ។
រដ្ឋាភិបាលចិនបានកំណត់គោលដៅ ចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យរួចរាល់ ចំនួន១,១ពាន់លាននាក់ ក្នុងចំណោមពលរដ្ឋជាង ១,៤ពាន់លាននាក់ ។ នៅពេលនេះការចាក់វ៉ាក់សាំងជូនកុមារគឺជារឿងសំខាន់បំផុតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ២.៥៦ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ។
ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់១០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក៕
ដោយ៖ធីរីណា(រូបថត៖THX/TTXVN)