ព័ត៌មានទាន់ហេតុការណ៍៖

កំពុងជួញដូរថ្នាំញៀនក្រឡេកឃើញសមត្ថកិច្ចបោះថ្នាំញៀនចោល សមត្ថកិច្ចឃើញទាន់ក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ចៃដន្យគេក្រឡេកឃើញសមត្ដកិច្ចជិះម៉ូតូល្បាតមកដល់ គេក៏បោះថ្នាំញៀនចោល ប៉ុន្តែសមត្ថកិច្ចឃើញទាន់ក៏ក្របួចជាប់ទាំងមនុស្សនិងថ្នាំញៀនតែម្ដង។ ករណីនេះ​បានកើតឡើងនៅថ្ងៃទី​៧ ខែធ្នូ​ ឆ្នាំ២០២១ វេលាម៉ោង​១៤​និង​០០នាទី.នៅចំណុចភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល ។

   មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនសង្ស័យឈ្មោះឈឿន វី ភេទប្រុស​ អាយុ​៣១ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កាប់លាវ ឃុំទ្រា ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល  មុខរបរ​មិនពិតប្រាកដ​ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៦ កញ្ចប់ (មធ្យម០៣កញ្ចប់ តូច០៣កញ្ចប់,​ម៉ូតូចំនួនមួយគ្រឿងម៉ាក Zoomer X  កម្លាំង 110cc ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ធំ 1N-7425,​ដែកកេះចំនួន០៣,  ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក OPPO A5s, កូនកាបូបលុយចំនួន០១​ និងឧបករណ៍ប្រើប្រាស់មួយចំនួន។ 

      ប្រភពដដែលបន្តថា​ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍រដ្ឋបាលទ្រា បានចុះល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ​។ លុះមកដល់ចំណុចកើត​ហេតុ​ ក៏បានជួបនឹងជនសង្ស័យកំពុងតែជិះម៉ូតូម្នាក់ឯង។ ដោយមានការសង្ស័យកម្លាំងប៉ុស្ដិ៍ក៏បានហៅឈប់សួរនាំស្រាប់តែជនសង្ស័យឈ្មោះឈឿន វី បានទម្លាក់ថ្នាំញៀនចំនួន០៦កញ្ចប់ទៅលើដីតែម្តង។ ឃើញដូចនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទ្រា បានឃាត់ខ្លួននិងនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសួរនាំបន្តទៀត។                                             

     នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានឆ្លើយសារភាពថា​ ថ្នាំញៀននេះពិតជារបស់ខ្លួនប្រាដកមែន​ ដោយខ្លួនបានទៅទិញថ្នាំញៀនពីជនម្នាក់នៅខេត្តតាកែវ ក្នុងតម្លៃ២០០,​០០០រៀល ដើម្បីយកមកប្រើប្រាស់និងលក់បន្ត ហើយខ្លួនបានជួញដូរថ្នាំញៀននេះអស់រយៈពេល២ខែមកហើយ។ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖