ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ចៃដន្យគេក្រឡេកឃើញសមត្ដកិច្ចជិះម៉ូតូល្បាតមកដល់ គេក៏បោះថ្នាំញៀនចោល ប៉ុន្តែសមត្ថកិច្ចឃើញទាន់ក៏ក្របួចជាប់ទាំងមនុស្សនិងថ្នាំញៀនតែម្ដង។ ករណីនេះបានកើតឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី.នៅចំណុចភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនសង្ស័យឈ្មោះឈឿន វី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកាប់លាវ ឃុំទ្រា ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៦ កញ្ចប់ (មធ្យម០៣កញ្ចប់ តូច០៣កញ្ចប់,ម៉ូតូចំនួនមួយគ្រឿងម៉ាក Zoomer X កម្លាំង 110cc ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ធំ 1N-7425,ដែកកេះចំនួន០៣, ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក OPPO A5s, កូនកាបូបលុយចំនួន០១ និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍រដ្ឋបាលទ្រា បានចុះល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ។ លុះមកដល់ចំណុចកើតហេតុ ក៏បានជួបនឹងជនសង្ស័យកំពុងតែជិះម៉ូតូម្នាក់ឯង។ ដោយមានការសង្ស័យកម្លាំងប៉ុស្ដិ៍ក៏បានហៅឈប់សួរនាំស្រាប់តែជនសង្ស័យឈ្មោះឈឿន វី បានទម្លាក់ថ្នាំញៀនចំនួន០៦កញ្ចប់ទៅលើដីតែម្តង។ ឃើញដូចនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទ្រា បានឃាត់ខ្លួននិងនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសួរនាំបន្តទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនប្រាដកមែន ដោយខ្លួនបានទៅទិញថ្នាំញៀនពីជនម្នាក់នៅខេត្តតាកែវ ក្នុងតម្លៃ២០០,០០០រៀល ដើម្បីយកមកប្រើប្រាស់និងលក់បន្ត ហើយខ្លួនបានជួញដូរថ្នាំញៀននេះអស់រយៈពេល២ខែមកហើយ។ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ស្អាងជ័យ