ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ ប្រុងប្រៀបរៀបចំកម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ» ដែលគ្រោងនឹងធ្វើឡើងនៅលើកំណាត់ផ្លូវឆ្លងកាត់ភូមិព្រះដាក់ផ្ទាល់តែម្តង ក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ!

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងថា, ជួបពិភាក្សាជាមួយអ្នកភូមិព្រះដាក់ និប្រតិបត្តិករទេសចរណ៍នានានៅក្នុងស្រុក ដើម្បីសុំឱ្យមានការចូលរួម និងប្រុងប្រៀបរៀបចំកម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ» ដែលគ្រោងនឹងធ្វើឡើងនៅលើកំណាត់ផ្លូវឆ្លងកាត់ភូមិព្រះដាក់ផ្ទាល់តែម្តង ក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ។ 

លោកអភិបាលបន្តថា, ក្នុងគោលបំណងបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងរុញច្រានចរន្តសេដ្ឋកិច្ចរបស់ស្រុកពីវិស័យទេសចរណ៍ឱ្យចាប់ផ្តើមមានដំណើរការឡើងវិញ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ ដើម្បីរៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយអ្នកភូមិផ្ទាល់ នៅលើទីតាំងដែលត្រូវបានរំពឹងទុកថាមានភាពងាយស្រួលក្នុងការរៀបចំ និងមានលក្ខណៈអំណោយផលពីអាកាសធាតុផងដែរ។ 

លោក ឃឹម ហ្វីណង់ លើកឡើងថា, ខ្ញុំបានយកឱកាសនេះអបអរសាទរដល់អ្នកភូមិព្រះដាក់ ដែលទើបតែទទួលបានជ័យលាភីមេត្រីភាពបរិស្ថានសម្រាប់ឆ្នាំ២០២១ និងផ្សព្វផ្សាយគម្រោងប្រលងប្រណាំងផ្ទះស្អាតប្រចាំភូមិនៅក្នុងឆ្នាំ២០២២នេះ។ បើមិនមានអ្វីផ្លាស់ប្តូរទេ កម្មវិធីពិព័រណ៍ម្ហូបអាហារជនបទនេះនឹងត្រូវបានធ្វើឡើងសម្រាប់រយៈពេល៣ថ្ងៃ ៣០-៣១ធ្នូ និង១មករា ដោយមានស្តង់ម្ហូបអាហារជាច្រើន កន្លែងអង្គុយហូប ឆាកតន្ត្រីរាំវង់ស្គរដៃ និងកន្លែងចតយាយន្តគ្រប់គ្រាន់ តែនឹងត្រូវបានធ្វើឡើងដោយគោរពតាមវិធានសុវត្ថិភាពសុខាភិបាលយ៉ាងម៉ត់ចត់បំផុត។ 

លោកសូមជូនដំណឹងក្រៅផ្លូវការមួយទៀតដែរ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការរៀបចំជាមួយបងប្អូនសហគមន៍នៅក្នុងភូមិសសីរៀបចំព្រឹត្តិការណ៍បុណ្យខ្លែង នៅក្នយងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះផងដែរ។ កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកទេសចរបានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាផ្តល់ឱកាសឱ្យមានការកម្សាន្តសប្បាយតាមរយៈការបង្ហើរខ្លែងតូចៗជាលក្ខណៈគ្រួសារនៅលើទីតាំងធំល្វឹងល្វើយដ៏ស្រស់ស្អាតនៃភូមិសសី និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៃទេសភាពដ៏ស្រស់ត្រកាលនាជើងភ្នំគូលែនផងដែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖