ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តសៀមរាបពិនិត្យពិច័យយ៉ាងល្អិតល្អន់ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសជនជាតិឥណ្ឌាម្នាក់ស្លាប់

ចែករំលែក៖

 

ខេត្តសៀមរាប÷‎លោកស្នងការនគរបាលខេត្តសៀមរាប ដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយផ្ទាល់ នៅចំណុចលើផ្លូវបេតុងខាងក្រោយ ភូមិវប្បធម៌ចាស់ ដែលបណ្តាលឱ្យជនជាតិឥណ្ឌាម្នាក់បាត់បង់ជីវិត។

‎

‎នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារជំនាញចរាចរណ៍ និងព្រហ្មទណ្ឌ ចុះពិនិត្យទីតាំង ដែលកើត មាន គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវបេតុង ក្រោយភូមិវប្បធម៌ចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប កាលពីចន្លោះម៉ោង០១ ដល់ម៉ោង២:៣០ នាទីព្រឹកទាបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៦  បណ្តាលឱ្យបុរសម្នាក់ ជាជនជាតិឥណ្ឌា ឈ្មោះ  SINGH BAIJNATH ភេទប្រុស ឆ្នាំកំណើត 01.11.1999 មុខរបរ លក់មុង  ស្លាប់ ដោយសារ មាន ស្នាមរងរបួស ផ្នែក ក ធ្ងន់ធ្ងរ បាក់ឆ្អឹងកំភួនដៃផ្នែកខាងស្តាំ និងឆ្អឹងដងកាំបិត ផ្នែកខាងស្តាំ ផងដែរ។

‎

‎សូមជម្រាប ជូនថា ករណីខាងលើនេះ ក្រោយទទួលបានព័ត៌មាន ថាមានប្រទះឃើញ ជនបរទេសម្នាក់ដេកស្លាប់ នៅចំណុច លើផ្លូវបេតុង ក្រោយភូមិវប្បធម៌ចាស់ ភ្លាមៗ មន្ត្រីនគរបាល ជំនាញចរាចរណ៍ និងព្រហ្មទណ្ឌខេត្ត/ក្រុងសៀមរាប រួមទាំងរថយន្តសង្គ្រោះ បានទៅ ដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងនាំយកសាកសពទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ដោយឡែក នៅ កន្លែងកើតហេតុ មន្ត្រីនគរបាលជំនាញឃើញមាន ម៉ូតូ ១ គ្រឿង ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1IG-5001 (បែកអាវ និងខូចខាតផ្នែកខាងឆ្វេង), ស្បែកជើង១ គូ, ទូរស័ព្ទដៃ១ គ្រឿង ម៉ាក Iphone បន្ទះដែកមួយដុំជាបំណែកម៉ូតូរបស់ជនរងគ្រោះ (ជាកម្មសិទ្ធិជនរងគ្រោះ) និងកញ្ចក់ផាសអាប់១ ចំហៀង ផ្នែកខាងស្ដាំ បន្សល់ទុក្ខ នៅបរិវេណកន្លែងកើតហេតុ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្តទៀត។

‎

‎យោងតាមការបំភ្លឺ របស់ មិត្តភក្កិរបស់ជនរងគ្រោះ ចំនួន០២ នាក់ បានឲ្យដឹងថា បន្ទាប់ពីផឹកស្រាបៀរ អស់ម្នាក់៣ កំប៉ុង ក្នុងភោជនីយដ្ឋានមួយកន្លែង ម្តុំផ្លូវកេសរកូល នៅវេលាម៉ោង១២:១៦ នាទីអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែឆ្នាំដដែល ជនរងគ្រោះបានប្រាប់ឱ្យ មិត្តភក្ត្រទាំង២ នាក់ឱ្យនៅចាំខ្លួន ដោយគាត់ ជិះម៉ូតូម៉ាក HONDA PCX ចេញទៅយកមិត្តស្រី របស់ខ្លួន តែក្រោយពី រងចាំជាង៤០ នាទី មិនឃើញ ជនរងគ្រោះត្រឡប់មកវិញ ។

ពួកគាត់ ក៏បានទូរស័ព្ទ ទៅរកជនរងគ្រោះជាច្រើនដង ប៉ុន្តែមិនមានអ្នកឆ្លើយតបសោះ លុះដល់វេលាម៉ោងប្រហែល២:៣០ នាទីរំលងអធ្រាត្រថ្ងៃខែឆ្នាំដដែល មិត្តភក្កិទាំង០២ នាក់នេះ ក៏សម្រចចិត្តជិះម៉ូតូត្រលប់ទៅគេងនៅបន្ទប់ជួលក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែវិញ។ ពេលជិះដល់ត្រង់ចំណុច ផ្លូវបេមិនស្គាល់ឈ្មោះភូមិ ស្រាប់តែឃើញមានរថយន្តសង្គ្រោះ និងសមត្ថកិច្ចជាច្រើននាក់កំពុងពិនិត្យកន្លែងកើតហេតុ។ ពួកគាត់ក៏បានឈប់ម៉ូតូចូលទៅមើល ទើបដឹងថាជនរងគ្រោះ ឈ្មោះ SINGH BAIJNATH ជាមិត្តភក្តិរបស់ខ្លួនបានស្លាប់បាត់ហើយ ។‎

យោងតាមការពិនិត្យមើល វិដេអូពីកាមេរ៉ាសុវត្ថិភាព (នៅកន្លែងកើតហេតុមិនមានឡើយ) នៅតាមតម្រាយផ្លូវធ្វើដំណើរ មុនពេលកើតហេតុ  ជនរងគ្រោះបានបើកបរម៉ូតូតែម្នាក់ឯង ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច ក្នុងល្បឿនលឿន។

‎

‎បន្ទាប់ពីបាន ធ្វើការពិនិត្យកោសល្យវិច័យសាកសព យោងតាមចម្លើយបំភ្លឺរបស់មិត្តភក្កិជនរងគ្រោះ ក៏ដូចជាទិន្នន័យពីកាមេរ៉ាសុវត្ថិភាព ករណីនេះ មន្ត្រីនគរបាលជំនាញ និងក្រុមគ្រូពេទ្យ បានសន្និដ្ឋាន ជាបឋមថា អាចនឹងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

‎

‎បច្ចុប្បន្ន ដោយមានលិខិតអនុញ្ញាត ពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សាកសព ត្រូវបានប្រគល់ជូន លោក VINOD YADAV ភេទប្រុស ជនជាតិឥណ្ឌា ត្រូវជាមិត្តភក្កិ របស់ជនរងគ្រោះ យកទៅរៀបចំបូជា ៕


ចែករំលែក៖