ភ្នំពេញ៖ បើយោងតាមផេក ( Cambodia SEA GAMES 2023) CAMSOC និងប្រភពរូបភាព៖ វិសាខាជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា, ក្លិបបាល់ទាត់ វិសាខា បានប្រកាសនាំយកបុគ្គលសំខាន់ៗ ៣រូបជាបន្ដបន្ទាប់ ដើម្បីត្រៀមដឹកនាំក្រុមប្រកួតប្រជែង នារដូវកាលថ្មី ឆ្នាំ២០២២ រួមមានលោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក មាស ចាន់ណា អតីតគ្រូបង្វឹកក្រុមណាហ្គាវើលដ៏ និងលោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ។
លោក Lee Tae Hoon ត្រូវបានក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២សម័យខាងលើ ប្រកាសតែងតាំងលោកជាគ្រូបង្គោលថ្មី ជំនួសកៅអីអតីតគ្រូបង្វឹកចាស់លោក Colum Curtis ដែលក្លិបបានចែកផ្លូវកាលពីថ្មីៗ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះ បន្ទាប់ពីលោកបានចែកផ្លូវជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ កាលពីថ្មីៗ ។
ដោយឡែកគ្រូបង្វឹកខ្មែរ ២រូបទៀត ដែលកាន់សញ្ញាបត្រ A-License ដូចគ្នា ត្រូវបានក្លិបប្រកាស កាលពីថ្មីៗ ដោយលោក មាស ចាន់ណា ត្រូវបានក្លិបតែងតាំងជាអ្នកចាត់ការក្រុម ខណៈលោក ភា សុភ័ក្ដ្រា ត្រូវបានតែងតាំងជាគ្រូវិភាគ ។
នេះគឺជាការផ្លាស់ប្ដូរ និងបន្ថែមនូវក្បាលម៉ាស៊ីនដឹកនាំក្រុមទ្រង់ទ្រាធំលើកដំបូងរបស់វិសាខា ដែលធ្វើឡើងក្នុងរយៈពេលត្រឹមតែ ១ខែ នាចុងរដូវកាលឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតប្រជែងនារដូវកាលថ្មី ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ពិសេសការត្រៀមប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2022 ។
បុគ្គលសំខាន់ៗទាំង ៣រូបខាងលើ ត្រូវបានចាត់ទុកជាគ្រូបង្វឹកដ៏មានបទពិសោធន៍ ក្នុងវិស័យបាល់ទាត់ ដែលគេរំពឹងថា នៅរដូវកាលថ្មីខាងមុខ វិសាខា នឹងបន្ថែមការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីឆ្ពោះទៅសម្រេចក្ដីស្រម៉ៃរបស់ខ្លួន ក្នុងការដណ្ដើមជើងឯកលីគកំពូលកម្ពុជា ដ្បិត ៤រដូវកាលមកហើយ វិសាខា ពុំធ្លាប់ឈ្នះពានម្ដងឡើយ ស្របពេលពួកគេ បានត្រឹមគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២សម័យជាប់គ្នាប៉ុណ្ណោះ ៕
ដោយ ៖ សិលា