ព័ត៌មានទាន់ហេតុការណ៍៖

ថៃរកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ចំនួន ៣នាក់

ចែករំលែក៖

នៅថ្ងៃទី៨ខែធ្នូ មជ្ឈមណ្ឌលគ្រប់គ្រងការឆ្លងរាលដាលកូវិដ-១៩ (CCSA) របស់រដ្ឋាភិបាលថៃបានប្រកាសថា ប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី២នាក់បន្ថែមទៀត សរុបមាន៣នាក់ហើយបានឆ្លង Omicron ។
ការរកឃើញករណីឆ្លងដំបូងនៅថ្ងៃទី ៦ខែធ្នូ ហើយនៅថ្ងៃទី៨ខែធ្នូ ក៏បានរកឃើញពីរនាក់បន្ថែមទៀត គឺជាស្ត្រីជនជាតិថៃមិនទាន់ចាក់វ៉ាក់សាំង បានវិលត្រឡប់មកពីប្រទេសនីហ្សេរីយ៉ានៅថ្ងៃទី២៤ខែធ្នូ ។ ករណីឆ្លងលើកដំបូងគឺលើជនជាតិអាមេរិកអាយុ៣៥ឆ្នាំ មកពីប្រទេសអេស្ប៉ាញចូលក្នុងប្រទេសថៃនៅថ្ងៃទី ២៩ខែវិច្ឆិកា។
ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៦១៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ជាមួយគ្នានេះអ្នកជំងឺចំនួន ៣៨នាក់បន្ថែមទៀតក៏ត្រូវបាន ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៥,៧៧៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១៥២,៣៨៤ករណី ក្នុងនោះមានអ្នកស្លាប់ ២១,០៣៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,០៦៧,១៤៩នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩៦.៨៩លានដូស ក្នុងនោះប្រជាជន ៤៣.១៨លាននាក់ (៦១.៧៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖