រដ្ឋសភាអាល្លឺម៉ង់ នៅថ្ងៃទី៨ខែធ្នូ បានបោះឆ្នោតអនុម័តជ្រើសតាំង មេដឹកនាំគណបក្សសង្គម ប្រជាធិបតេយ្យ SPD លោក Olaf Scholz ធ្វើជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ជំនួសលោកស្រី Angela MerKel ដែលបានដឹកនាំ១៦ឆ្នាំកន្លងមក។
លោក Olaf Scholz ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ៣៩៥ ក្នុងចំណោម៧៣៦សំឡេងក្នុងរដ្ឋសភាអាល្លឺម៉ង់។ ឆ្នាំនេះលោក Olaf Scholz អាយុ៦៣ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ដំបូង ក្រោយការដឹកនាំ១៦ឆ្នាំរបស់លោកស្រី Merkel ។
លោក Olaf Scholz ជាអ្នកនយោបាយផ្សះផ្សា ហើយលោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងរដ្ឋកាលរបស់លោកស្រី Angela Merkel ។ នៅល្ងាចថ្ងៃទី៨ខែធ្នូ លោកស្រី Angela Merkel បានផ្ទេរតំណែង ទៅឱ្យលោក Olaf Scholz បន្តដឹកនាំប្រទេសអាល្លឺម៉ង់។
ក្រោយទទួលបានការបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រី លោក Olaf Sholz បានប្រកាសផ្តល់អាទិភាព ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈករណីឆ្លងកូវីដ-១៩ កើនឡើងនៅក្នុងប្រទេសនេះ។
នៅថ្ងៃទី១០ខែធ្នូ លោក Olaf Scholz នឹងមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ស្តីពីទំនាក់ទំនងអាល្លឺម៉ង់ បារាំង៕ ដោយ៖ធីរីណា
រូបថត៖DW