ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់យកទូរស័ព្ទពីនារី២នាក់បានសម្រេចហើយត្រូវឡំប្រឺតាបុកដួលរត់ចោលម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ​៖  ជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីនារី២នាក់បានសម្រេចហើយ តែត្រូវបុរសអ្នកបើកឡំប្រឺតាដេញបុកបណ្តាលឱ្យដួលម៉ូតូជនសង្ស័យុមួយគ្រឿង រួចជនសង្ស័យក៏បន្តរត់គេចខ្លួន ប៉ុន្តែត្រូវយុវជនម្នាក់ដេញដណ្តើមយកទូរស័ព្ទបានមកវិញ។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់​ ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២១​ នៅចំណុចលេីស្ពានអាកាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី​ ស៊េរីឆ្នាំ២០២១​ ពាក់ស្លាកលេខភ្នំពេញ1JB-3637ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ ឡេីងស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ពាក់កណ្តាលស្ពានស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកស្គូពី ស៊េរីឆ្នាំ២០១៥​ ពាក់ស្លាកលេខភ្នំពេញ1BV-4364​ និងមួយគ្រឿងទៀតមិនចាំម៉ាក​ បានជិះបញ្ច្រាសទិសដៅចរាចរណ៍ឡេីងលេីស្ពានអាកាសហេីយបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃរបស់នារីរងគ្រោះដែលអង្គុយខាងក្រោយបានសម្រេច​ រួចហេីយបានព្យាយាមជិះម៉ូតូគេចខ្លួន​ ប៉ុន្តែភ្លាមៗនោះស្រាប់តែមានបុរសម្នាក់បេីកឡំប្រឺតាមកពីក្រោយនារីរងគ្រោះឃេីញដូចនេះក៏បេីកឡំប្រឺតាបំបុកបណ្តាលឱ្យម៉ូតូជនសង្ស័យដួល​តែម្តង។ 

ប្រភពដដែលបានបន្តថា​ បន្ទាប់មកជនសង្ស័យបានព្យាយាមរត់គេចខ្លួនទៀតដោយទុកម៉ូតូមួយគ្រឿងនិងដំបងឆក់មួយដេីមទៀត​ ហេីយយកទូរស័ព្ទដៃរបស់ជនរងគ្រោះទៅជាមួយ តែភ្លាមៗនោះក៏មានយុវជនម្នាក់ទៀតជិះម៉ូតូដឹកអីវ៉ាន់អនឡាញឃេីញក៏ជិះម៉ូតូដេញតាមក្រោយជនសង្ស័យរហូតទៅដល់ក្រោមស្ពានទេីបជនសង្ស័យគប់ទូរស័ព្ទជនរងគ្រោះទៅលេីយុវជនដឹកអីវ៉ាន់អនឡាញហេីយបន្តរត់ចូលកន្លែងស្ងាត់បាត់ទៅ។ 

ក្រោយកេីតហេតុយុវជនដឹកអីវ៉ាន់អនឡាញក៏បានប្រគល់ទូរស័ព្ទឱ្យទៅនារីរងគ្រោះវិញ​ ហេីយត្រូវបានសមត្ថកិច្ចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនិងយកម៉ូតូជនសង្ស័យទៅរក្សាទុករង់ចាំស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលេីយកមកដាក់ទោសតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖