ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រចតបញ្ច្រាសទិសចរាចរណ៍ត្រូវបុរសម្នាក់បើកម៉ូតូបុកចំពីមុខពេញទំហឹងបណ្ដាលឱ្យភាគីម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡេនឌ័រមួយគ្រឿងដែលម្ចាស់បើកមកចតចោលនៅមុខហាងចិនមួយកន្លែងបញ្ច្រាសទិសដៅចរាចរណ៍ត្រូវបុរសម្នាក់បើកម៉ូតូទៅបុកចំពីមុខពេញទំហឹងបណ្ដាលឱ្យម្ចាស់ម៉ូតូនោះរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខហាងចិនមួយកន្លែង តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ដិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AZ-8153 ត្រូវបានម្ចាស់បើកយកមកចតចោលនៅចំណុចទីតាំងកើតហេតុខាងលើដោយបញ្ច្រាសទិសដៅចរាចរណ៍។ លុះមកដល់ម៉ោងកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូឌ្រីមមួយគ្រឿងពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខសៀមរាប1AA-4783ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបុកចំពីមុខរថយន្តពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលបោកទៅលើថ្នល់រងរបួសធ្ងន់បាក់ជើងម្ខាង។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖