ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិសង្ខេបរបស់នាយករដ្ឋមន្ត្រីថ្មីអាល្លឺម៉ង់ដែលទើបឡើងកាន់តំណែងជំនួសលោកស្រី Angela Merkel

ចែករំលែក៖

លោក Olaf Scholz បានឡើងកាន់តំណែងដឹកនាំអាល្លឺម៉ង់ហើយក្រោយពេលសភាបោះឆ្នោតគាំទ្រ នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាការបិទបញ្ចប់ការកាន់អំណាចអស់រយៈពេល១៦ឆ្នាំ របស់លោកស្រី អាន់ជេឡា មែរគែល។
លោក Olaf Scholz មានអាយុ ៦៣ឆ្នាំ គឺជាអ្នកនយោបាយអាល្លឺម៉ង់ម្នាក់មកពីគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (Social Democratic Party)។ រយៈពេលជាច្រើនទសវត្សរ៍មកនេះ លោកធ្លាប់បានកាន់តំណែងសំខាន់ៗជាច្រើន ក្នុងនោះរួមមាន៖ សមាជិកសភា, ចៅហ្វាយក្រុងនៃទីក្រុងកំពង់ផែ ហាំប៊ឺក (Hamburg), រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅក្នុងជួររដ្ឋាភិបាលចម្រុះ ដឹកនាំដោយអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី មែរគែល។
លោក Scholz កើតនៅឆ្នាំ១៩៥៨ ក្នុងទីក្រុង អូសណាព្រូក (Osnabrück) តែធំដឹងក្ដីនៅក្នុងទីក្រុងហាំបឺគ (Hamburg) ប្រទេសអាល្លឺមង់។ លោកបានចូលជាសមាជិកគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (SPD) តាំងតែអាយុ ១៧ឆ្នាំមកម្ល៉េះ។ មុននឹងឈានជើងចូលឆាកនយោបាយ, លោកធ្លាប់ជា មេធាវីម្នាក់នៅក្នុងទីក្រុង Hamburg ហើយក្រោយមកទើបលោកជាប់ឆ្នោតជាសមាជិកសភានៅឆ្នាំ១៩៩៨។
នៅទសវត្សរ៍ឆ្នាំ២០០០, លោកបានក្លាយជាអគ្គលេខាធិការគណបក្ស SPD នៅក្រោមការដឹកនាំរបស់អតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schroeder ដែលជាមគ្គុទេសក៍របស់លោក។ នៅពេលលោកស្រី មែរគែល ឡើងកាន់តំណែងជាអធិការបតីជំនួសលោក Schroeder នៅឆ្នាំ២០០៥, លោក Scholz បានកាន់តំណែងជា
រដ្ឋមន្ត្រីក្រសួងការងារពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ និងបានក្លាយជាតួអង្គមួយដ៏សំខាន់ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចនៅពេលនោះ។
ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ លោក Scholz បានកាន់តំណែងជាចៅហ្វាយក្រុង Hamburg និងនៅឆ្នាំ២០១៨ លោកកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយក៏ធ្លាប់ កាន់តំណែងជាអនុអធិការបតីអាល្លឺម៉ង់ផងដែរ។
លោក Scholz ត្រូវបានគេស្គាល់ថា ជាមនុស្សម្នាក់ដែលយល់យ៉ាងស៊ីជម្រៅចំពោះដំណើរការនយោបាយ ហើយដោយសារតែហេតុនេះឯង ទើបលោកត្រូវគេយកទៅប្រដូចនឹងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន៕ ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖