ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់រៀនបើករថយន្តដឹកដីហើយគាត់អះអាងថាគាត់ជាន់ហ្វ្រ័ងមិនស៊ី ទើបជ្រុលធ្លាក់ចូលក្នុងទឹកត្រពាំង តែសំណាងដែរដែលមិនមានគ្រោះថ្នាក់ដល់ជីវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់រៀនបើករថយន្តដឹកដី តែចៃដន្យអាក្រក់ជាន់ហ្វ្រ័ងមិនស៊ី ទើបរថយន្តធ្លាក់ចូលក្នុងទឹកត្រពាំង តែសំណាងដែរដែលមិនគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែបានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិនាំគ្នាមកចោមរោមមើលយ៉ាងកុះករ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៩ ខែឆ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រពាំងស្លា ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើឈ្មោះ សូ ស៊ុត អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងស្លា ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពពីអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសចំណាស់ខាងលើបានបើករថយន្តដឹកដីប្រភេទ១តោនកន្លះ ធ្វើដំណើរពីកើតមកលិច។  លុះបើកមកដល់ចំណុចដីភូមិរបស់គាត់ដែលមានទឹកត្រពាំង បុរសដែលទើបតែរៀនបើកបរនេះបានជាន់ហ្វ្រ័ងដើម្បីបញ្ឈប់រថយន្ត តែហ្វ្រ័ងមិនសុី រថយន្តនៅតែទៅមុខរហូត ដល់ធ្លាក់ចូលក្នុងត្រពាំងបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

អ្នកបើកបរស្ទើរភ្លើងដដែលនេះបានបន្តថា រថយន្តនេះជារបស់កូនទេ ប៉ុន្តែដោយកូនប្រុសជាប់រវល់ទៅរៀនជួសជុលរថយន្តនៅភ្នំពេញក៏យករថយន្តមកទុកនៅផ្ទះគាត់។ ដោយសារតែគាត់ចង់ចេះបើករថយន្តទើបគាត់សាកល្បងរៀនបើកហើយក៏ជ្រុលចង្កូតជាន់ហ្វ្រ័ងមិនសុីធ្លាក់ចូលត្រពាំងតែម្តងទៅ ប៉ុន្តែសំណាងល្អគាត់បានស្ទុះលោតចេញពីរថយន្តទាន់កុំអីមិនដឹងថាទៅជាយ៉ាងណានោះទេ។

ក្រោយកើតហេតុ បុរសខាងលើក៏បានហៅ អេស្កាវ៉ាទ័រ មកទាញស្ទួចយកចេញពីក្នុងត្រពាំង ដើម្បីយកទៅជួសជុលដោយខ្លួនឯងព្រោះមិនមានរងគ្រោះថ្នាក់ដល់អ្នកភូមិអ្វីនោះទេ៕

ដោយ៖យឹម សុថាន


ចែករំលែក៖