ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលីសថៃ​ ឃាត់ខ្លួន​ក្រុម​ជួញដូរ​​ថ្នាំញៀន​៣​នាក់​ ដកហូត​​កញ្ឆា​ក្រៀម​១​តោន​ និង​ថ្នាំ​មេតំ​ហ្វេ​តាមី​នក្រា​មជាង​២០០​គីឡូក្រាម

ចែករំលែក៖

អន្តរជាតិ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ប៉ូលីសថៃ​ ​នៅក្នុង​សន្និសីទកាសែត​មួយ​នាខេត្ត​នគរ ផា​ណុ​ម ប្រទេស​ថៃ​ នាព្រឹកថ្ងៃ​សៅរ៍​ទីទី​១១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានបង្ហាញ​កញ្ឆា​ក្រៀម​ទាំង​ដុំ​មានទំងន់​ ១តោន​ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ជាង​២០០​គីឡូក្រាម​។ បន្ទាប់​ពី​កម្លាំង​ប៉ូលីស​ថៃ​ បានបេីកប្រតិបត្តិការបង្ក្រាប​ពីរករណីផ្សេងគ្នា​ នៅតាម​បណ្តោយ​ទន្លេមេគង្គ​ក្នុង​ខេត្ត​នគរ ផា​ណុ​ម របស់​ថៃ​ ដោយ​ឃាត់ខ្លួនជនសង្ស័យ​ជាមុខសញ្ញាជួញដូរ​ថ្នាំញៀនចំនួន៣​នាក់​។

​​នៅក្នុង​សន្និសីទកាសែត​ខាងលេីនេះ​ ប៉ូលីសថៃ​ បានបញ្ជាក់បន្ថែមថា​​ ក្នុង​ប្រតិបត្តិការ​ទី​១៖ ក្រុម​ល្បាត​នៃ​កង​ម៉ា​រី​ន​ទន្លេ​មេគង្គ​ បាន​ចាប់ឃាត់ខ្លួន​បុរស​ថៃ​២​នាក់​ ចំពោះ​ការ​លួច​ដឹកជញ្ជូន​កញ្ឆាក្រៀម​៤៨០​ដុំ និង​ថ្នាំញៀន​ប្រភេទ​​មេតំ​ហ្វេ​តា​មីន​ក្រាម​(​ម៉ា​ទឹកកក​)​ចំនួន​២១៩​គីឡូក្រាម​។​ ខណៈ​ពួក​​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុងពេល​ឡើង​ទូក​ដើម្បី​នាំ​ថ្នាំញៀនទាំងអស់នេះ​ពី​ប្រទេស​ឡាវ​ ចូល​ប្រទេស​ថៃ​។​

​ប៉ូលីសថៃ​ បានសង្កត់ធ្ងន់ថា​ កញ្ឆាខាងលេីនេះ​ គឺ​មាន​តម្លៃ​​២០.០០០​បាត​ក្នុង​១​គីឡូក្រាម។ ចំណែក​​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ គឺមានតម្លៃ៣០០.០០០​បាត​ ក្នុង​មួយ​គីឡូក្រាម​។​

​ដោយ​ឡែក​ក្នុង​ប្រតិបត្តិការ​ទី២៖​ ក្រុម​ល្បាត​តាម​ទន្លេ​មួយទៀត បាន​ស្ទាក់​ចាប់​បាន​កញ្ឆា​ក្រៀម​៥២០​ដុំ ទម្ងន់​សរុប​៥២០​គីឡូក្រាម​នៅ​មាត់​ទន្លេ​ក្នុង​ឃុំ​មួយ​ក្នុង​ខេត្ត​នគរ ផា​ណុ​ម​ដដែល និង​បាន​ឃាត់ខ្លួន​បុរស​ថៃ​ម្នាក់​ចំពោះ​ការសង្ស័យ​​ជួញដូរ​គ្រឿងញៀនខុសច្បាប់។​

​គួរបញ្ជាក់ថា​ គ្រឿងញៀន​ខាងលេីនេះ​ ​ដែលកម្លាំងប៉ូលីស​បង្រ្កាប​​បាន​ក្នុង​២​ករណីនេះ គឺមាន​តម្លៃ​ជិត ១០០​លាន​បាត​។​ ជាមួយគ្នានេះ​ កម្លាំង​ប៉ូលីស​ ក៏បានអះអាងថា​៖​ តាំងពី​មុន​មក​ក្នុង​សប្តាហ៍​នេះ កញ្ឆា​ក្រៀម​ជាង​៥​តោន​ទៀត​ក៏​ត្រូវ​អាជ្ញាធរ​ ធ្វើ​ការបង្រ្កាបបាន​​នៅ​ខេត្ត​នគរ ផា​ណុ​ម ផងដែរ​៕ដោយ​៖ស​ តារា​


រូបភាព​៖​ ប៉ូលីស​ថៃ​ ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ខេត្ត​នគរ ផា​ណុ​ម​ ​ដោយ​បង្ហាញ​កញ្ឆា​ក្រៀម​ និង​គ្រឿង​ញៀនប្រភេទ​​​មេតំ​ហ្វេ​តា​មីន​ក្រាម​(​ម៉ា​ទឹកកក​)​ នៅថ្ងៃ​សៅរ៍​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០២១នេះ


ចែករំលែក៖