អន្តរជាតិ៖ បេីយោងតាមប្រភពព័ត៍មានពីប៉ូលីសថៃ នៅក្នុងសន្និសីទកាសែតមួយនាខេត្តនគរ ផាណុម ប្រទេសថៃ នាព្រឹកថ្ងៃសៅរ៍ទីទី១១ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញកញ្ឆាក្រៀមទាំងដុំមានទំងន់ ១តោន និងថ្នាំញៀនប្រភេទម៉ាទឹកកកជាង២០០គីឡូក្រាម។ បន្ទាប់ពីកម្លាំងប៉ូលីសថៃ បានបេីកប្រតិបត្តិការបង្ក្រាបពីរករណីផ្សេងគ្នា នៅតាមបណ្តោយទន្លេមេគង្គក្នុងខេត្តនគរ ផាណុម របស់ថៃ ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនចំនួន៣នាក់។
នៅក្នុងសន្និសីទកាសែតខាងលេីនេះ ប៉ូលីសថៃ បានបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការទី១៖ ក្រុមល្បាតនៃកងម៉ារីនទន្លេមេគង្គ បានចាប់ឃាត់ខ្លួនបុរសថៃ២នាក់ ចំពោះការលួចដឹកជញ្ជូនកញ្ឆាក្រៀម៤៨០ដុំ និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាម(ម៉ាទឹកកក)ចំនួន២១៩គីឡូក្រាម។ ខណៈពួកគេត្រូវបានចាប់ខ្លួនក្នុងពេលឡើងទូកដើម្បីនាំថ្នាំញៀនទាំងអស់នេះពីប្រទេសឡាវ ចូលប្រទេសថៃ។
ប៉ូលីសថៃ បានសង្កត់ធ្ងន់ថា កញ្ឆាខាងលេីនេះ គឺមានតម្លៃ២០.០០០បាតក្នុង១គីឡូក្រាម។ ចំណែកថ្នាំញៀនប្រភេទម៉ាទឹកកក គឺមានតម្លៃ៣០០.០០០បាត ក្នុងមួយគីឡូក្រាម។
ដោយឡែកក្នុងប្រតិបត្តិការទី២៖ ក្រុមល្បាតតាមទន្លេមួយទៀត បានស្ទាក់ចាប់បានកញ្ឆាក្រៀម៥២០ដុំ ទម្ងន់សរុប៥២០គីឡូក្រាមនៅមាត់ទន្លេក្នុងឃុំមួយក្នុងខេត្តនគរ ផាណុមដដែល និងបានឃាត់ខ្លួនបុរសថៃម្នាក់ចំពោះការសង្ស័យជួញដូរគ្រឿងញៀនខុសច្បាប់។
គួរបញ្ជាក់ថា គ្រឿងញៀនខាងលេីនេះ ដែលកម្លាំងប៉ូលីសបង្រ្កាបបានក្នុង២ករណីនេះ គឺមានតម្លៃជិត ១០០លានបាត។ ជាមួយគ្នានេះ កម្លាំងប៉ូលីស ក៏បានអះអាងថា៖ តាំងពីមុនមកក្នុងសប្តាហ៍នេះ កញ្ឆាក្រៀមជាង៥តោនទៀតក៏ត្រូវអាជ្ញាធរ ធ្វើការបង្រ្កាបបាននៅខេត្តនគរ ផាណុម ផងដែរ៕ដោយ៖ស តារា
រូបភាព៖ ប៉ូលីសថៃ ធ្វើសន្និសីទកាសែតមួយនៅខេត្តនគរ ផាណុម ដោយបង្ហាញកញ្ឆាក្រៀម និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនក្រាម(ម៉ាទឹកកក) នៅថ្ងៃសៅរ៍ទី១១ ខែធ្នូ ឆ្នាំ២០២១នេះ