ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបុករថយន្តធុនដ្រាបណ្តាលឱ្យមនុស្សផ្លោងហោះចេញពីក្នុងរថយន្តរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរស៣នាក់ទៀតបំពានភ្លើងស្តុបក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តធុនដ្រាពីចំហៀងយ៉ាងពេញទំហឹងបណ្ដាលឱ្យមនុស្សដែលជិះនៅក្នុងរថយន្តកូរ៉េពីរនាក់ហោះផ្លោងចេញពីក្នុងរថយន្តមកដេកដួលរដូករណែលពេញផ្លូវសន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ ណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌សពាក់ស្លាកលេខ2AI-0960បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរស៣នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយពីជើងទៅត្បូង ឆ្ពោះឆ្លងមកផ្លូវណតប្រ៊ីត ក្នុងល្បឿនលឿននិងបំពានភ្លើងស្តុប លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តធុនដ្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BL-7923បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតចំពីចំហៀងខាងមុខខាងស្ដាំរថយន្តធុនដ្រាពេញទំហឹងបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងវិលមួយជុំនិងបុរសពីរនាក់ជិះនៅក្នុងរថយន្តកូរ៉េហោះផ្លោងចេញពីរថយន្តធ្លាក់បោកនឹងថ្នល់ររងរបួសធ្ងន់សន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅក្រោមស្ពានអាកាសផ្សារដីហុយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖​ សុខា​សែនជ័យ​


ចែករំលែក៖