ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យលេបត្របាក់អស់ផ្ទះ៣ខ្នងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើននៅកោះគល់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២១ វេលាម៉ោងប្រមាណ  ២១:១០នាទីយប់  បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាឱ្យបញ្ចេញឡានទឹកទាំងនៅខេត្ត ទាំងនៅស្រុកដែលនៅជាប់ស្រុកកំពង់សៀម ព្រមទាំងកម្លាំងអន្តរាគមន៍ចុះជួយពន្លត់អគ្គិភ័យខាងលើ និងទប់ស្កាត់កុំឱ្យឆេះរាលដាលទៅផ្ទះអ្នកដទៃទៀត ។

ករណីអគ្គិភ័យខាងលើបណ្ដាលឱ្យឆេះរាលដាលផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង រួមមាន៖

  ផ្ទះទី១ ម្ចាស់ផ្ទះឈ្មោះ វ៉ន វឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ប្រពន្ធឈ្មោះ បឹង ពៅ  អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បណ្ដាលឱ្យខូចខាតសម្ភារមួយចំនួនមានដូចជា:

-ផ្ទះ១ខ្នងមានទំហំ៧ម៉ែត្រ×១៣ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្ដារ

-ម៉ូតូចំនួន០៣គ្រឿង (ម៉ាកហុងដា ស៊េរីឆ្នាំ ២០១៨, ម៉ូតូសង់កូរ៉េ, ម៉ូតូហុងដាវេ៉វអាល់ហ្វា )

-ទឹកប្រាក់ចំនួន ៣,០០០ដុល្លារ

-មាស៨ជីកន្លះ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។

-ផ្ទះទី២ ម្ចាស់ផ្ទះឈ្មោះ ញឹក សាវ៉ុន ភេទស្រី អាយុ៦៣ឆ្នាំ (ម៉េម៉ាយ) បណ្ដាលឱ្យខូចខាតសម្ភារមួយចំនួនមានដូចជា៖

-ផ្ទះ១ខ្នង មានទំហំ ៥ម៉ែត្រ×៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ

-ប្រាក់រៀល ៩០០,០០០រៀល

-អង្ករចំនួន០១បេ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។

-ផ្ទះទី៣ ម្ចាស់ផ្ទះឈ្មោះ ស គុយលឹម ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ គឹម សុង  អាយុ៦៤ឆ្នាំ បណ្ដាលឱ្យរងរបួស និងខូចខាតសម្ភារមានដូចជា៖

-ផ្ទះ១ខ្នងមានទំហំ ៧ម៉ែត្រ×១៥ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្ដារ

-ម៉ូតូ០៥គ្រឿង (ម៉ាកហុងដា  ចំនួន៣គ្រឿង, សង់កូរ៉េចំនួន១គ្រឿង, ហុងដាវេ៉វអាល់ហ្វា ចំនួន១គ្រឿង )

-ទឹកប្រាក់ ៦,០០០ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។

អគ្គិភ័យខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖