រដ្ឋមន្ត្រីការបរទេសបណ្តាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក G7 បានជួបប្រជុំគ្នានៅប្រទេសអង់គ្លេស ដោយបានឯកភាពទប់ស្កាត់រុស្ស៊ីបញ្ជូនទាហានចូលមកប្រទេសអ៊ុយក្រែន ។
ក្រសួងការបរទេសអាមេរិកបានប្រកាសថា ជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកបញ្ហាអឺរ៉ុបនិងអាស៊ី លោក Karen Don Fried នៅថ្ងៃទី១៣ ខែធ្នូបានទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីពិភាក្សាស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ។ តាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិក ភាគីទាំងអស់បានព្រមព្រៀងគ្នាបញ្ចប់សង្គ្រាមវាយប្រហារនៅ Donbass តាមរយៈកិច្ចព្រមព្រៀងទីក្រុង Minsk ដែលមានរុស្ស៊ី អ៊ុយក្រែន បារាំង និងអាល្លឺម៉ង់ ។
ជាមួយគ្នានេះដែរ ក្រុមបណ្ដាប្រទេស G7 បានព្រមានថា រុស្ស៊ីនឹងត្រូវប្រឈមមុខនឹងផលវិបាក និងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យបើកការវាយប្រហារណាមួយលើប្រទេសអ៊ុយក្រែន។
ការព្រមានខាងលើធ្វើឡើងនៅក្នុងសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍មួយរបស់ថ្នាក់ដឹកនាំនៃប្រទេស G7 ដែលបានជួបប្រជុំគ្នាក្នុងទីក្រុងលីវើភូល (Liverpool) ប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ សេចក្ដីថ្លែងការណ៍នេះដដែលបានបញ្ជាក់ដូច្នេះថា «រុស្ស៊ីមិនគួរមានអ្វីត្រូវសង្ស័យទៀតទេថា ការវាយប្រហារលើប្រទេសអ៊ុយក្រែន នឹងត្រូវប្រឈមមុខនឹងផលវិបាក រួមទាំងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ យើងសូមអះអាងជាថ្មីឡើងវិញពីការប្ដេជ្ញាចិត្តឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន»។
បើតាមចារកម្មរបស់សហរដ្ឋអាមេរិក, រុស្ស៊ីមានផែនការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែននៅដើមឆ្នាំ២០២២ខាងមុខនេះ តាមរយៈការដាក់ពង្រាយកងទ័ពយ៉ាងហោច ណាស់ក៏១៧៥,០០០នាក់ដែរ។ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថាវាគ្រាន់តែជាការចោទប្រកាន់គ្មាន មូលដ្ឋាន និងមានចេតនាលើកទឹកចិត្តឱ្យមានការប្រឆាំងនឹងរុស្ស៊ីតែប៉ុណ្ណោះ៕ ដោយ៖ធីរីណា
រូបថត៖Reuters