ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញបញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយផ្ទុះអាវុធជាង ២០គ្រាប់ក្នុងស្រុកសំឡូត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី ១៣ខែ ធ្នូ២០២១នេះ ថា ៖ ជនសង្ស័យពាក់ព័ន្ធដែលបានបាញ់រះនោះនឹងសំណុំរឿងប្រើប្រាស់អាវុធខុសច្បាប់នៅក្នុងស្រុកសំឡូត កម្លាំងការិយាល័យជំនាញបានរៀបចំបែបបទបញ្ជូនទៅកាន់តុលាការតាមនីតិវិធីហើយកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១កន្លងមកនេះ។

លោកបានបន្តថា:ជនសង្ស័យខាងលើលាក់ទុកអាវុធនៅក្នុងផ្ទះរយះពេលយូរ ហើយបានយកមកបាញ់បោះសេរីសំដៅឡើងលើចំនួន ២១គ្រាប់ក្នុងពេលដែលមានទំនាស់នៅមុខផ្ទះកន្លែងផឹកស៊ី រួចបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់កាលពីថ្ងៃទី ០៦ ខែធ្នូ ក្រោយមកក៏បានចូលខ្លួនសារភាពទទួលទោសតាមផ្លូវច្បាប់។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ដែរថា ៖ បុរសខ្មាន់កាំភ្លើងឈ្មោះសុខ គង់ អាយុ ៥៤ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ខណ:ឋិតក្នុងសភាពស្រវឹងជោកជាំបាត់បង់ការគ្រប់គ្រងក៏បានទាញកាំភ្លើងប្រភេទ AK ៤៧ បាញ់ជាង ២០គ្រាប់បង្កការភ្ញាក់ផ្អើលពេញភូមិ។ បុរសជនសង្ស័យបានអះអាងថា កាំភ្លើងដែលខ្លួនបានប្រើប្រាស់បាញ់បោះនេះជាកាំភ្លើងរើសបាន ហើយក៏ទុកមិនទាន់បានប្រគល់ឲ្យសមត្ថកិច្ច៕

ដោយ៖ស សារ៉េត


ចែករំលែក៖