ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលជលផលអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមកធ្វើ ប្រហុក ផ្អក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ដូចបណ្ដាឆ្នាំមុនៗដែរចូលដល់ខ្នើត ខែមិគសិរចាប់ពីថ្ងៃទី ១២ខែធ្នូនេះ ត្រីប្រហុកបានចាប់ផ្ដើមត្រូវជាបណ្ដើរៗហើយមន្ត្រីជំនាញអំពាវនាវឲ្យប្រជា ពលរដ្ឋរួសរាន់ទៅទិញត្រីធ្វើប្រហុក នៅតាមគោលដៅមួយចំនួនដូចជាឆ្នុកទ្រូស្រុកបរិបូណ៌និងកំពង់ប្រសាទក្នុងស្រុកកំពង់ត្រឡាច។ អគ្គនាយកដ្ឋានរដ្ឋបាលជលផលប្រកាសឲ្យប្រជាពលរដ្ឋទៅធ្វើប្រហុកផ្អក។

ខេត្តកំពង់ឆ្នាំងជាគោលដៅសំខាន់មួយក្នុងការធ្វើប្រហុកផ្អករបស់ប្រជាពលរដ្ឋ។ លោក លី ឡា នាយខណ្ឌរដ្ឋបាល ជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាត្រីចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី ១២ខែធ្នូនេះហើយ នឹងបន្តត្រូវរហូតដល់ផុតខ្នើតប្រសិនបើមេឃនៅតែស្រឡះល្អ។ អាចនិយាយបានថា ត្រីត្រូវអាស្រ័យលើអាកាសធាតុល្អ។ ប្រសិនបើមេឃស្រឡះល្អត្រីនឹងបន្តផ្តល់រហូតដល់រនោច។

លោកនាយខណ្ឌបានបញ្ជាក់ទៀតថា នៅឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ឯណោះគឺអ្នកនេសាទបានបណ្ដែតម៉ោងក្រឡាធំ ដើម្បីចាប់ ត្រីច្រកែង,ត្រីឆ្កោក ជាដើម…មិនសូវមានអ្នកចាប់ត្រី រៀល ត្រីលេញនោះទេ  ចំណែកឯនៅកំពង់ប្រសាទ ក្នុងឃុំសែបស្រុកកំពង់តែឡាច គឺមានការបណ្ដែតមោង ចាប់ត្រីរៀល និងត្រីលិញ…ដែលអ្នកនេសាទកំពុងតែចាប់បានច្រើន ជាបណ្ដើរៗ ដោយហេតុនេះលោកសូមអំពាវនាវប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក សូមអញ្ជើញទៅទិញត្រីធ្វើប្រហុកនៅកំពង់ប្រាសាទ ស្រុកកំពង់ត្រឡាច និងនៅឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ។

យ៉ាងនេះក្តីលោកបានបញ្ជាក់ថាតម្លៃត្រីនៅថ្ងៃទី ១២ខែធ្នូនេះ ត្រីរៀល ត្រីលេញ មងក្រឡា២ហ៊ុនទៅ២ហ៊ុនកន្លះមានតម្លៃពី១២០០ ទៅ ២០០០ រៀលក្នុងមួយគីឡូក្រាម ចំណែកត្រីច្រកែហ មានតម្លៃពី ៤ពាន់ ទៅ៦រៀល ក្នុងមួយគីឡូក្រាម។  

ដោយឡែកត្រីឆ្កោក លេខ ១ដែលមានទម្ងន់ចាប់ពី១គីឡូកន្លះឡើង តម្លៃ៣ម៉ឺនរៀល  .ត្រីឆ្កោកលេខ២ មានទម្ងន់ពី១គីឡូ ដល់១គីឡូកន្លះ មានតម្លៃ ២ ម៉ឺនរៀល និងត្រីឆ្កោកលេខ ៣ចាប់ពី១ គីឡូចុះក្រោមថ្លៃ ៨ ពាន់ទៅ ១ ម៉ឺនរៀល ។ ជាចុងក្រោយលោកក៏បានបញ្ជាក់ដែរថាប្រសិនបើត្រីនៅបន្តត្រូវ តម្លៃត្រីនឹងចុះថោកជាងនេះ ។

ប្រសិនបើខ្នើតខែនេះត្រីត្រូវមិនគ្រប់គ្រាន់ទេនោះគឺត្រូវរង់ចាំមើលខ្នើតខែក្រោយ ។ រដូវការធ្វើប្រហុកផ្អកមិនមែនមានតែមួយពេលក្នុងខែខ្នើតនេះទេ គឺអាចមានម្ដងទៀតនៅថ្ងៃកើតខែក្រោយ ។ មន្ត្រីរដ្ឋាបាលជលផលរំពឹងថា ទិន្នផលត្រីប្រហុកផ្អកឆ្នាំនេះអាចនឹងគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋ៕

ដោយ៖ សូរិយា


ចែករំលែក៖