ក្រុមតោខៀវអាចបាត់បង់កីឡាករ Antonio Rudiger, Andreas Christensen, Thiago Silva និង Cesar Azpilicueta នៅរដូវក្តៅនេះ នៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់។ ក្លិបមិនទាន់យល់ព្រមលើលក្ខខណ្ឌថ្មីជាមួយនឹងក្រុមណាមួយនៅឡើយទេដែលពួកគេទាំងអស់អាចដើរចេញពី Stamford Bridge ក្នុងពេលតែមួយ។
ជាលទ្ធផល Chelsea កំពុងរៀបចំបញ្ជីឈ្មោះអ្នកជំនួសកន្លែងដែលមានសក្តានុពលជាមួយការតាមប្រមាញ់យកកីឡាករ Bremer វ័យ២៤ឆ្នាំ នៅក្លិបអុីតាលី Torino ដែលមានតម្លៃខ្ពស់ក្នុងបញ្ជីគោលដៅរបស់ពួកគេ។ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបត្រូវបានគេយល់ថា បានមើលកីឡាករ Bremer ក្នុងការប្រកួតទល់នឹង Empoli កាលពីសប្តាហ៍មុន ហើយពួកគេបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែការពារដ៏មានឥទ្ធិពលរូបនេះ។
ជាមួយគ្នានេះក្លិបមានមូលដ្ឋាននៅអង់គ្លេសដែរដូចជា Tottenham, West Ham និង Liverpool ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករសញ្ជាតិប្រេស៊ីលរូបនេះដែរ ប៉ុន្តែឥឡូវនេះ Chelsea បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមការប្រជែងដណ្តើមយកខ្សែការពារកណ្តាលដែលមានទេពកោសល្យមួយនេះ។
ខ្សែការពារ Bremer បានចាប់អារម្មណ៍ក្នុងការប្រកួតក្របខ័ណ្ឌ Serie A ជាមួយក្លិប Torino បន្ទាប់ពីចូលរួមជាមួយ Atletico Mineiro កាលពីឆ្នាំ២០១៨។ ក្លិបអុីតាលីកំពុងត្រៀមខ្លួនសម្រាប់ការផ្តល់ជូនសម្រាប់ Bremer ខណៈដែលគាត់ចូលដល់១៨ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Torino ។ ក្លិប Torino បានចំណាយត្រឹមតែ៥.២លានផោនសម្រាប់សេវាកម្មរបស់កីឡាករប្រេស៊ីលរូបនេះ ហើយទោះជាយ៉ាងណាក្លិបអុីតាលីសង្ឃឹមថានឹងទទួលបានប្រាក់ចំណេញច្រើនលើទេពកោសល្យដែលពួកគេបានទិញកីឡាករ Bremer កាលពី៣ឆ្នាំមុន។
ក្លិប Barcelona ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមក្រុមដែលចាប់អារម្មណ៍ខ្សែការពារ Azpilicueta របស់ក្រុម Chelsea ក្នុងឆ្នាំ២០២២ខាងមុខ។ ប្រធានក្រុមតោខៀវវ័យ៣២ឆ្នាំរូបនេះកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ ហើយមានសេរីភាពក្នុងការនិយាយទៅកាន់ក្លិបផ្សេងអំពីការផ្ទេរមួយក្នុងខែមករា។
ក្លិបយក្សនៅ La Liga ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់អតីតកីឡាករ Marseille ខណៈដែលពួកគេចង់នាំគាត់ត្រឡប់ទៅអេស្ប៉ាញវិញ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ កីឡាករ និងបុគ្គលិករបស់ក្លិប Chelsea មានការភ័យខ្លាចរួចហើយថាខ្សែការពារដែលមានសមត្ថភាពអាចនឹងត្រូវចាកចេញនៅរដូវក្តៅក្រោយ៕
ដោយ៖ ភារៈ(រូបភាព ៖ The sun)