ភ្នំពេញ៖ គម្រោងនៃការកែលម្អសួនច្បារ នៅមុខអគារទីស្តីការក្រសួងការពារជាតិថ្មី ក្រុមការងារនៃមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញធ្វើការកែសម្រួលសម្រេចបាន១០០ភាគរយហើយ ដើម្បីឱ្យទាន់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ក្រសួងការពារជាតិដែលគ្រោងនឹងសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅខែចុងខែធ្នូឆ្នាំ២០២១នេះ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះថា៖ សួនច្បារនេះត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យធ្វើការជួសជុលកែសម្រួលឡើងវិញកាលពីខែកក្កដាឆ្នាំ២០២១ ដោយលោកអភិបាលបានជំរុញឱ្យអង្គភាពរបស់លោកធ្វើការងារឱ្យបានលឿន គឺធ្វើយ៉ាងណាឱ្យរួចរាល់នៅមុនការសម្ពោធដាក់ឱ្យប្រើប្រាស់អគារក្រសួងការពារជាតិដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៅខែចុងខែធ្នូឆ្នាំ២០២១នេះ។
លោកសំ សាមុត បានបញ្ជាក់ផងដែរថា សួនច្បារនេះយើងបានធ្វើការកែលម្អឡើងវិញចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិដែលមានទំហំ១ហិកតា ដែលពីមុនសួននេះមានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច។ តែពេលនេះយើងបានពង្រីកឱ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិទទឹង៤៥ម៉ែត្រ សម្រេចបាន១០០%ហើយ។ សួនច្បារថ្មីនេះអាចឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការហាត់ប្រាណជាងមុន។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសំ សាមុត ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសម្អាតសួនច្បារថ្មីនេះទាំងអស់គ្នា និងសូមកុំលេងបាល់ទាត់ ដោយលេងត្រឹមតែទាត់សីឬដាក់បាស់ហាត់ប្រាណ រាំលេងកម្សាន្តបានហើយ ដែលមិនធ្វើឱ្យប៉ះពាល់ទៅដល់ដើមផ្កា។
លោកបន្តទៀតថា ជាគម្រោងនៅក្នុងខែមករាឆ្នាំ ២០២២ខាងមុខនេះ តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពរបស់លោកនឹងធ្វើការកែលម្អសួនច្បារចាប់ពីក្តាន់២នេះរហូតដល់មុខវិមានសន្តិភាពបន្តទៀត ដើម្បីឱ្យសួនច្បារនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ីក្នុងខណ្ឌមករានេះ មានសោភណភាពស្រស់បំព្រង ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ខាងមុខនេះ។
សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួនចាស់ចេញរហូតដល់ប្រវែង ៤៥ ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ ។ សួនថ្មីនេះត្រូវបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាងធំទូលាយជាងមុន៕
ដោយ ៖ សំរិត