ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងប្រកាសថា មិនធ្វើពហិការកីឡាអូឡំាពិកទីក្រុងប៉េកាំងឆ្នាំ២០២២នោះឡើយ

ចែករំលែក៖

នៅថ្ងៃទី១៣ ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអុីន បានប្រកាសថា លោកមិនដើរតាមអាមេរិក អូស្ត្រាលី អង់គ្លេស ដែលធ្វើពហិការកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២នោះទេ។ ទីក្រុងសេអ៊ូលនៅតែបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅចូលរួមពិធីបើកការប្រកួតក៏ដូចជាបិទការប្រកួតនៅទីក្រុងប៉េកាំងដដែល។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Canberra ប្រទេសអូស្ត្រាលី លោកមូន ជេអុីន បានប្រកាសថា កូរ៉េខាងត្បូងមិនធ្វើពហិការកីឡាអូឡំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ ដើម្បីប្រឆាំងពីការរំលោភសិទ្ធិមនុស្សនៅប្រទេសចិននោះឡើយ។
ប្រធានាធិបតីមូន ជេអុីនបានប្រកាសថា «យើងមិនទាន់ទទួលបានសំណើពីប្រទេសណាមួយឱ្យធ្វើពហិការកីឡាអូឡំាពិកទីក្រុងប៉េកាំងនោះឡើយ សូម្បីតែអាមេរិកដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត។
លោកមូនបានបញ្ជាក់ថា កូរ៉េខាងត្បូងចង់ជំរុញតំបន់អាស៊ីប៉ាស៊ីហ្វិក សេរី និងបើកទូលាយ ប៉ុន្តែត្រូវតែមើលពីតួនាទីរបស់ចិន ក្នុងការនាំមកនូវសន្តិភាពដល់ឧបទ្វីបកូរ៉េ។ លោកមូន ជេអុីន បានប្រកាសថា យើងត្រូវការដល់ការខិតខំរបស់ចិនដើម្បីរំសាយអាវុធបរមាណូនៅកូរ៉េខាងជើង។ លោកបន្តទៀតថា ទីក្រុងសេអ៊ូលមានទំនាក់ទំនងដោយសន្តិភាពជាមួយទីក្រុងប៉េកាំង ។
នៅពេលនេះប្រធានាធិបតី កូរ៉េខាងត្បូង មានដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីក៏ដូចជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបច្ចេកវិទ្យាយោធា ៕ ដោយ៖ធីរីណា

រូបថត៖AP


ចែករំលែក៖