ព័ត៌មានទាន់ហេតុការណ៍៖

ផល សិលា បន្ដឈរលេខ១ វិញ្ញាសា RS:One នៃ​ការ​ប្រ​កួត​កី​ឡា​ទូក​ក្ដោង​ជើង​ឯក​អាស៊ាន (ថ្ងៃទី២) នៅ​ខេត្ត​ព្រះ​សី​ហនុ

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ផល សិលា នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ដោយបន្ដឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន លើវិញ្ញាសា RS:One ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ។ នេះបើយោងតាមផេក ( Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា 

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ។ 

វិញ្ញាសា RS:One មានបេក្ខភាពប្រកួតប្រជែង ៥រូប រួមមានកីឡាករកម្ពុជា ៣រូប និងសិង្ហបុរី ២រូប ហើយជាលទ្ធផល កីឡាករកម្ពុជាទាំង ៣រូប ធ្វើបានយ៉ាងល្អ ដោយកីឡាករ ផល សិលា បន្ដឈរលេខ១ ខណៈកីឡាករ សែម ប្រុសពៅ ឈរលេខ២ និងកីឡាករ ហេន សុភី លេខ៣ ស្របពេលកីឡាករសិង្ហបុរី ឈរលេខ៤ និងលេខ៥ ទាំង២ថ្ងៃជាប់គ្នា។

ដោយឡែក សរុបលទ្ធផលការប្រកួតរយៈពេល ២ថ្ងៃ ចំនួន ៤វិញ្ញាសាផ្សេងទៀត រួមមាន៖ 

១- វិញ្ញាសា ILCA 4 កីឡាករសិង្ហបុរី ឡើងឈរលេខ១ និងលេខ២ ឯកីឡាករម៉ាឡេស៊ី ឈរលេខ៣។ ប៉ុន្ដែវិញ្ញាសានេះ កម្ពុជាពុំបានបញ្ជូនកីឡាករចូលរួមប្រកួតនោះទេ។

២-វិញ្ញាសា ILCA 6 កីឡាករកម្ពុជា ២រូប បន្ដឈរលេខ៤ និងលេខ៥ ក្នុងចំណោមកីឡាករ ៥រូប ខណៈកីឡាករសិង្ហបុរី រក្សាចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

៣- វិញ្ញាសា ILCA 7 កីឡាករកម្ពុជា ញូវ ចាន់ បានធ្លាក់ពីលេខ១ មកឈរលេខ២ បណ្ដោះអាសន្ន ខណៈកីឡាករម៉ាឡេស៊ី ឡើងឈរលេខ១។ ចំណែកកីឡាករ ឡុច ដារ៉ុង បន្ដឈរលេខ៣។

៤-វិញ្ញាសា Techno 293 កីឡាករកម្ពុជា កែវ ភារុណ បានធ្លាក់ពីលេខ១ មកលេខ២ បណ្ដោះអាសន្ន ខណៈកីឡាករសិង្ហបុរី បានឡើងឈរលេខ១ វិញ។ វិញ្ញាសានេះ មានកីឡាករសរុប ៨រូប ក្នុងនោះមានកីឡាករកម្ពុជា ៥រូប។

លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទូកក្ដោងជើងឯកអាស៊ាន ឆ្នាំ២០២១ នៅកម្ពុជានេះ មានកីឡាករ-កីឡាការិនីសរុប ២៧នាក់ មកពី ៣ប្រទេសចូលរួម ដោយប្រកួតលើ ៥វិញ្ញាសា ហើយវិញ្ញាសានីមួយៗ ត្រូវធ្វើការប្រកួតចំនួន ១៦ជុំ បន្ទាប់មកទើបបូកសរុបលទ្ធផល និងកំណត់ជ័យលាភី ខណៈបច្ចុប្បន្នប្រកួតបានចំនួន ៧ជុំហើយ។ ការប្រកួតផ្លូវការ គឺមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅឆ្នេរសុខា ខេត្តព្រះសីហនុ៕

ដោយ ៖ សិលា


ចែករំលែក៖