ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីបើកទ្វារព្រំដែនសម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់

ចែករំលែក៖

នៅថ្ងៃទី១៥ខែធ្នូ ប្រទេសអូស្ត្រាលីបានសម្រេចបើកទ្វារព្រំដែនជាមួយពលករអន្តរជាតិដែលមានជំនាញច្បាស់លាស់ហើយបានចាក់វ៉ាក់សាំងរួចរាល់ចូលក្នុងទឹកដីអូស្ត្រាលី ក្រោយរយៈពេលជិតពីរឆ្នាំដែលបានហាមប្រាម។
នេះគឺជាការខិតខំរបស់រដ្ឋាភិបាលអូស្ត្រាលីដើម្បីដំណើរការសេដ្ឋកិច្ច ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកូវីដ-១៩ ។ ទន្ទឹមនឹងនោះក៏មានដំណើរការសកម្មភាពធ្វើដំណើរអន្តរជាតិជាថ្មីឡើងវិញដែរ។
គម្រោងបើកព្រំដែនឡើងវិញរបស់អូស្ត្រាលីបានពន្យារពេល ២សប្តាហ៍កន្លងមក ក្រោយពេលប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩ អូមីក្រុង ។ រដ្ឋាភិបាលអូស្ត្រាលីរង់ចាំវាយតម្លៃពីកម្រិតគ្រោះថ្នាក់នៃវីរុសបំប្លែងថ្មីអូមីក្រុង ទើបសម្រេចបើកទ្វារប្រទេសជាថ្មី។
នៅថ្ងៃទី១៥ខែធ្នូ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់ថា «យើងនឹងរស់នៅជាមួយវីរុសកូវីដ-១៩ ។ យើងមិនអនុញ្ញាតឲ្យវាអូសយើងថយក្រោយនោះឡើយ»។ លោក Scott Morrisonបានបន្តទៀតថា បច្ចុប្បន្នអូស្ត្រាលីជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បានច្រើនបំផុត ដោយមានពលរដ្ឋជិត ៩០%មានវ័យចាប់ពី១៦ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ពីរដូស។ ជាមួយគ្នានេះដែរ អូស្ត្រាលីក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញដើម្បីទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាព។
អូស្ត្រាលីបានបិទព្រំដែនជាមួយបណ្តាប្រទេសចាប់ពីខែមីនាឆ្នាំ២០២០មកដើម្បីទបស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ការសម្រេចបើកព្រំដែននៅពេលនេះគឺដើម្បីជួយទប់ស្កាត់កង្វះពលករ ដែលអាចរារាំងដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ។ ជាមួយគ្នានេះក៏បានអនុញ្ញាតឲ្យនិស្សិតបរទេសវិលត្រឡប់មកអូស្ត្រាលីបន្តការសិក្សាវិញដែរ៕ ដោយ៖ធីរីណា

រូបថត៖AFP/TTXVN


ចែករំលែក៖