ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនប្រកាសអាសន្នកម្រិតទីបី ពីការវាយប្រហារដោយព្យុះឈ្មោះ Rai

ចែករំលែក៖

ហ្វីលីពីនបានប្រកាសអាសន្នកម្រិតទីបីក្នុងចំណោមកម្រិតអាសន្នទាំង៥ ហើយជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសនេះទៅកាន់ទីតាំងមានសុវត្ថិភាព ក្នុងពេលព្យុះ Rai ជិតវាយប្រហារចូលដីគោកនៅក្នុងប្រទេសនេះ។
រដ្ឋាភិបាលបានប្រកាសអាសន្នពីខ្យល់ព្យុះ (JTWC) ហើយបានព្យាករថា ព្យុះ Rai ឬហៅថា Odette នឹងវាយប្រហារប្រទេសហ្វីលីពីន ដោយមានល្បឿនខ្យល់ដល់ទៅ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង ។ នៅថ្ងៃទី១៦ខែធ្នូនេះព្យុះកំណាចខាងលើនឹងចូលដល់ដីគោកហើយ។
ក្រសួងព្យាករណ៍អាកាសធាតុហ្វីលីពីន បានព្យាករថា នៅព្រឹកថ្ងៃទី១៦ខែធ្នូ ដល់១៧ខែធ្នូ ព្យុះ Rai នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង អាចបង្កឱ្យមានគ្រោះទឹកជំនន់បាក់ដី…។ ក្រសួងព្យាករណ៍អាកាសធាតុបានប្រកាសអាសន្នកម្រិតទី៣ ក្នុងចំណោម៥កម្រិត ក្នុងពេលព្យុះ Rai វាយប្រហារចូលដីគោកកោះ Visayas និងភាគខាងជើងកោះ Mindanao។ ក្នុងពេលចូលដល់ដីគោក ក្រសួងព្យាករណ៍អាកាសធាតុនឹងបង្កើនការប្រកាសអាសន្នឡើងកម្រិតទី៤ឬកម្រិតទី៥ ដោយសារតែល្បឿនខ្យល់ខ្លាំង មិនទាន់ចុះខ្យោយ។
ហ្វីលីពីនជាប្រទេសប្រឈមនឹងការវាយប្រហារដោយព្យុះយ៉ាងតិច ២០លើកក្នុងមួយឆ្នាំៗ បង្កការខាតបង់យ៉ាងធំធេងទាំងទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្ស។ កាលពីឆ្នាំ២០២០ ប្រទេសនេះរងការវាយប្រហារដោយព្យុះ Goni ដែលជាព្យុះទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក សម្លាប់មនុស្សរាប់សិបនាក់៕

ដោយ៖ធីរីណា


ចែករំលែក៖