ព័ត៌មានទាន់ហេតុការណ៍៖

Arsenal រកបាន៣ពិន្ទុពី West Ham ឡើងឈរលេខ៤ ខណៈAubameyang ធ្លាក់តំណែង​​ជា​ប្រធាន​ក្រុម Arsenal បន្ទាប់​ពី​បំពានលើ​វិន័យនៅ Premier League

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានវ៉ាដាច់គូប្រជែង West Ham ហើយបានឡើងមកចំណាត់ថ្នាក់លេខ៤ក្នុងតារាង Premier League ដោយឈ្នះក្នុងលទ្ធផល២ទល់០នៅកីឡដ្ឋាន Emirates កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូនេះ។

ការប្រកួតក្នុងតង់ទី១ លទ្ធផលគឺ០ទល់០ ហើយ២គ្រាប់របស់ក្រុមកាំភ្លើងធំរកបាននៅក្នុងតង់ទី២ ដែលគ្រាប់ទី១រកបានដោយកីឡាករ Gabriel Martinelli រកបានគ្រាប់បើកឆាកនៅដើមតង់ទី២ នៅនាទីទី៤៨។ ចំណែកគ្រាប់ទី២រកបានដោយកីឡាករ Emile Smith Rowe នៅចុងម៉ោងនាទីទី៨៧។

ចំណែកប្រធានក្រុម Arsenal កីឡាករ Alexandre Lacazetteមានឱកាសបានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ប៉ុន្តែត្រូវអ្នកចាំទី Lukasz Fabianski សង្គ្រោះបាននៅនាទីទី៦៩។ រីឯក្រុម West Ham ក៏មានម្នាក់ទទួលបានកាតក្រហមគឺកីឡាករ Coufal ត្រូវបានអាជ្ញាកណ្តាលពិន័យដោយសារធ្វើឲ្យមានកំហុសទៅលើកីឡាករក្រុម Arsenal ។

បច្ចុប្បន្នក្រុមកាំភ្លើងធំ Arsenal ឈរនៅលេខរៀងទី៤ ក្នុងតារាងលីគកំពូលអង់គ្លេសមាន២៩ពិន្ទុបន្ទាប់ពី១៧ប្រកួត ខណៈក្រុម West Hamក្រោយពីបរាជ័យនេះបានធ្លាក់មកឈរចំណាត់ថ្នាក់៥ មាន២៨ពិន្ទុ ។

ដោយឡែកក្លិបលីគកំពូលអង់គ្លេស Premier League បានអះអាងថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លិប Arsenal ត្រូវបានទម្លាក់ចេញពីតំណែងជាប្រធានក្រុម បន្ទាប់ពីមានការបំពានលើវិន័យរបស់ក្លិបកាលពីសប្តាហ៍មុន ។

ក្លិបកាំភ្លើងធំ Arsenal បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងរំពឹងថាកីឡាកររបស់យើងទាំងអស់ ជាពិសេសប្រធានក្រុមរបស់យើងនឹងធ្វើការឱ្យស្របតាមច្បាប់ និងស្តង់ដារដែលយើងបានកំណត់ និងយល់ព្រម។ យើង​ផ្តោត​ទាំងស្រុង​លើ​ការ​ប្រកួត​នៅលើទីលាន”។

អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានទម្លាក់កីឡាករសញ្ចាតិហ្គាបុង Aubameyang ចេញពីក្រុមដែលបានយកឈ្នះលើក្រុម Southampton ក្នុងលទ្ធផល ៣-០ កាលពីចុងសប្តាហ៍មុនដោយសារតែការបំពានវិន័យ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបដិសេធមិនបង្ហាញឱ្យច្បាស់នូវអ្វីដែលខ្សែប្រយុទ្ធបានធ្វើនោះទេ។

កីឡាករ Aubameyang ត្រូវបានទម្លាក់បន្ទាប់ពីត្រឡប់ពីដំណើរកម្សាន្តនៅបរទេសយឺតពេល ហើយកីឡាករAlexandre Lacazette បានដឹកនាំធ្វើជាប្រធានក្រុមទល់នឹង Southampton ក្នុងពេលអវត្តមានរបស់ Aubameyang ។

Aubameyang ដែលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល៣ឆ្នាំជាមួយក្លិប Arsenal កាលពីឆ្នាំមុនបានជួបការលំបាកក្នុងរដូវកាលនេះស៊ុតបញ្ចូលទីបានតែ៤គ្រាប់នៅ Premier League ដែលគ្រាប់ចុងក្រោយគឺក្នុងខែតុលាទល់នឹងក្រុម Aston Villa ។

កីឡាករវ័យ៣២ឆ្នាំរូបនេះត្រូវបានទម្លាក់ពីមុនមកក្រោមហេតុផលវិន័យ ដោយលោក Arteta មិនរាប់បញ្ចូលខ្សែប្រយុទ្ធពីការឈ្នះ២-១ របស់ពួកគេលើគូប្រជែង Tottenham Hotspur កាលពីរដូវកាលមុននោះទេ ៕ដោយ៖ ភារៈ

(រូបភាព ៖ BBC Sport/channelnewsasia.com)


ចែករំលែក៖