ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ! លោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការង ខេត្តកំពង់ឆ្នាំង និងលោកស័ក្តិ៥ កែវ ណារុន ដែលរំលោភយកដីបឹងទន្លេសាប ត្រូវបានចាប់ឃាត់ខ្លួនហើយ !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រភពព័ត៌មានមួយគួរឱ្យទុកចិត្តបានរាយការណ៍ឱ្យដឹងថា, លោក ឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការងនគរបាលខេត្ត កំពង់ឆ្នាំង និង លោកវរសេនីយ៍ឯក កែវ ណា រុន ប្រធានការិយាល័យ អន្តរាគមន៍ នៃស្នងការដ្ឋាន ខេត្តកំពង់ឆ្នាំង ត្រូវបានចាប់ឃាត់ខ្លួន នៅវេលាម៉ោង ប្រមាណ១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពាក់ ករណីរំលោភយកដី ព្រៃលិចទឹក បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ។ប្រភពបញ្ជាក់យ៉ាងច្បាស់ ទៀតថា, លំនៅដ្ឋានអតីតអភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ចំនួន២ទីតាំងនៅឯ ខេត្តកំពង់ឆ្នាំង ក៏ត្រូវសមត្ថកិច្ចឡោមព័ទ្ធដែរ ។ មន្ត្រីខេត្តមិនបានធ្វើអធិប្បាយជុំវិញបញ្ហានេះ នៅឡើយ។
សូមជម្រាបថា លោកផ្កាយ១ ស៊ុំ សុជាតិ លោកស័ក្តិ៥ កែវ ណារុន និងលោក ឈួរ ច័ន្ទឌឿន ត្រូវបានរក ឃើញថា បានបំផ្លិចបំផ្លាញព្រៃលិចទឹករបស់រដ្ឋ ឈូស ឆាយដុតបំផ្លាញ ដើម្បីយកធ្វើជាកម្មសិទ្ធិ ។ តាម របាយការណ៍បឋម លោក ឈួរ ច័ន្ទឌឿន មាន ជាង២.០០០ហិកតា លោក ស៊ុំ សុជាតិ មាន ជិត៧០០ហិកតា លោក កែវ ណារុន មានប្រហែល៤០០ហិកតា ។ ពួកគេទាំង៣ សុទ្ធតែជាមន្រ្តីរាជការ មានបុណ្យ មានអំណាចនិងមានទឹកប្រាក់ បំពានច្បាប់ ។ ប៉ុន្តែបានប្រព្រឹត្តបំពានច្បាប់ ដែលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមិនមានការលើកលែង ចំពោះជនប្រភេទនេះជាដាច់ខាត។
សូមរម្លឹកថា , សារជាសំឡេង របស់សម្តេចនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ បទបញ្ជាដ៏ម៉ឺងម៉ាត់ បង្ក្រាបនិងដកហូតដី ព្រៃលិចទឹក តំបន់បឹងទន្លេសាប ដែលរដ្ឋបានកំណត់ ជា តំបន់១ តំបន់២ និងតំបន់៣ ដែលរដ្ឋកំណត់រក្សា និងការពារ ត្រូវយកមកវិញទាំងអស់ ។ សម្តេចបាន សង្កត់ធ្ងន់ ទៅលើខេត្តកំពង់ឆ្នាំង ដែលកំពុងរងការ កាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ទន្រ្ទានយកធ្វើជាកម្មសទ្ធិ។ អ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលបានប្រព្រឹត្ត អំពើខុសទៅនឹងច្បាប់ទាំងនោះ ត្រូតែចាប់ខ្លួនកសាងបញ្ជូនទៅតុលាការ។ សម្រាប់ពលរដ្ឋ ត្រូវដកខ្លួនជៀសឱ្យឆ្ងាយ បើនៅតែ តតាំង ក៏ត្រូវចាប់ខ្លួនដែរ ។ សម្តេចប្រកាសដល់មន្រ្តី ខិលខូចពាក់ព័ន្ធករណីខាងលើ បើចង់ឱ្យមានការបន្ធូរ បន្ថយទោស ត្រូវចេញមុខសារភាពដោយខ្លួនឯង ជាបន្ទាន់ ប៉ុន្តែមិនមានន័យថា រួចផុតទាំងស្រុងនោះទេ អស់លោកនៅតែជាប់ពិរុទ្ធភាពដដែល ។ សម្រាប់ មន្ត្រីដែល មិនចូលសារភាព ត្រូវចាប់ខ្លួនកាត់ទោស តាមច្បាប់និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវ ត្រួតពិនិត្យស្រាវជ្រាវទ្រព្យសម្បត្តិពួកគេទៀត ទើប សាកសម ។
សូមបញ្ជាក់ផងដែរថា, ជនសង្ស័យទាំងពីរខាងលើនេះ បានសារភាព និងបានប្រគល់ដីព្រៃលិចទឹកដែលខ្លួនរំលោភនោះ ប្រគល់ជូនរដ្ឋវិញ ។ ប៉ុន្តែចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត នៅតែមានពិរុទ្ធភាព ក្នុងស្ថានទំងន់ទោស ខណៈជាថ្នាក់ដឹកនាំ ជាអ្នកអនុវត្តច្បាប់ បែរជាយកតួនាទីភារកិច្ចទៅប្រព្រឹត្តបំពានច្បាប់។
ការចាប់ឃាត់ខ្លួនមន្ត្រីទាំងពីរខាងលើនេះ មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ ទូទៅ គាំទ្រចំពោះអនុសាសន៍សម្ដេចតេជោសែន គាំទ្រស្ថាប័នតុលាការ គាំទ្រអង្គភាពប្រឆាំងអំពើពុករលួយ ហើយជាគំរូធ្វើឲ្យមន្ត្រីប្រព្រឹត្តអំពើពុករលួយដទៃទៀត ត្រូវតែបញ្ឈប់សកម្មភាព និងលុបបំបាត់និទណ្ឌភាពនៃបទល្មើស៕

ដោយ៖សុខ ខេមរា


ចែករំលែក៖