ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងតំបន់អឺរ៉ុបកាន់តែច្រើនឡើងៗ ជាពិសេសគឺករណីឆ្លងកូវីដបំប្លែងថ្មីអូមីក្រុង ។ ក្នុងពេលនេះដែរប្រទេសហុល្លង់បានប្រកាសបិទប្រទេសចាប់ពីថ្ងៃទី ១៩ខែធ្នូ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
នាយករដ្ឋមន្ត្រីហុល្លង់លោក Mark Rutte បានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅយប់នៅថ្ងៃទី១៨ខែធ្នូថា ហុល្លង់នឹងបិទប្រទេសចាប់ពីថ្ងៃទី១៩ធ្នូ ។ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជារឿងដែលមិនអាចគេចផុតឡើយ ខណៈរលកកូវីដ-១៩ លើកទី៥កំពុងតែវាយប្រហារយ៉ាងខ្លាំងក្នុងប្រទេសនេះដោយសារតែវីរុសបំប្លែងថ្មី អូមីក្រុង។ ការបិទប្រទេសត្រូវចាប់ផ្តើមពីថ្ងៃទី១៩ខែធ្នូ ដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០២២។
ដោយឡែកនៅក្នុងប្រទេសបារាំងវិញ អាជ្ញាធរទីក្រុងប៉ារីស នៃប្រទេសបារាំង នៅកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះបានប្រកាសពីការសម្រេចចិត្តលុបចោលពិធីបុណ្យបាញ់កាំជ្រួចអបអរឆ្នាំសកល ឬឆ្នាំថ្មី២០២២ខាងមុខនេះ ខណៈអឺរ៉ុបកំពុងដាក់ចេញវិធានការរឹតត្បិត COVID-19 ឡើងវិញ ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងករណីឆ្លងដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron។
ការសម្រេចរបស់អាជ្ញាធរទីក្រុងប៉ារីស ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ួរស៊ូឡា ហ្វុន ឌែរ ឡេយិន (Ursula von der Leyen) បានព្រមានថាវីរុសបំប្លែងថ្មី Omicron អាចនឹងគ្របដណ្ដប់ករណីឆ្លង COVID-19 ទាំងស្រុងនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២២។ ថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មាន AFP ការិយាល័យអភិបាលទីក្រុងប៉ារីស បានបញ្ជាក់ដូច្នេះថា «ការបាញ់កាំជ្រួច (អបអរថ្ងៃចូលឆ្នាំថ្មី) នឹងមិនកើតឡើងទេ… ហើយយើងក៏សោកស្ដាយដែរចំពោះការលុបចោរាល់ពិធីបុណ្យទាំងអស់ដែលត្រូវបានគ្រោងទុកនៅឯសង់ អេលីហ្សេ (Champs Elysees) នាថ្ងៃទី៣១ ខែធ្នូខាងមុខនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ, អាល្លឺម៉ង់ បានប្រកាសចាត់ទុកបារាំង និងដាណឺម៉ាក ជាតំបន់មានហានិភ័យខ្ពស់ ជាមួយការដាក់ចេញវិធានការធ្វើចត្តាឡីស័កលើអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងទាំងឡាយមកពីប្រទេសជិតខាងទាំង២នេះ ចាប់ពីថ្ងៃអាទិត្យនេះតទៅ៕ ដោយ៖ធីរីណា
រូបថត៖AP