ខេត្តព្រះសីហនុ ៖ សកម្មជនគណបក្សប្រជាជនកម្ពុជាសរុបចំនួន ១៣២ រូប មកពីស្រុកនិងក្រុងទាំង ៥ នៃខេត្តព្រះសីហនុ បានចូល រួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងព័ត៌មាន និងប្រតិកម្មឆ្កើយតបទាន់ពេលវេលា ដែលរៀបចំដោយក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។ ការបណ្តុះ បណ្តាលដែលមានរយៈពេល ១ ថ្ងៃនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១។ នេះមានលោក នេត្រ ភក្ត្រា ប្រធានក្រុម ការងារព័ត៌មាននិងផ្សព្វផ្សាយនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុជាគ្រូឧទ្ទេស និងរៀបចំឡើង ក្នុងគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងពីការគ្រប់គ្រង ព័ត៌មាន និងប្រតិកម្មឆ្លើយតប។
នេត្រ ភក្ត្រា ប្រធានក្រុម ការងារព័ត៌មាននិងផ្សព្វផ្សាយនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុជាគ្រូឧទ្ទេស បានបញ្ជាក់ថា, បន្ទាប់ពីដំណើរការបណ្តុះបណ្តាលមានរយៈពេលមួយថ្ងៃរួចមក វគ្គបណ្តុះបណ្តាលត្រូវបានធ្វើពិធីបិទបញ្ចប់ក្រោមអធិបតីភាពលោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។ លោក សាយ សំអាល់ បាន គូសបញ្ជាក់ពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះថា មានភាពចាំបាច់សម្រាប់សកម្មជនគណបក្សក្នុងការបំប៉នចំណេះដឹងបន្ថែមលើការងារគ្រប់គ្រងព័ត៌មាន ការផ្សព្វផ្សាយសមិទ្ធផលផ្សេងៗរបស់គណបក្ស និងទប់ស្កាត់ការផ្សាយព័ត៌មានក្លែងក្លាយ។ លោកប្រធានក្រុម ការងារបានជំរុញនិងលើកទឹកចិត្តបន្ថែមដល់សកម្មជនទាំងអស់សូមបន្តធ្វើអំពើល្អបន្ថែមទៀតដើម្បីបម្រើប្រជាជន៕
ដោយ៖ សិលា