ព័ត៌មានទាន់ហេតុការណ៍៖

បារម្ភពីកូវីដ-១៩ ចិនផ្អាកដំណើរកម្សាន្តនៅបណ្តាខេត្តមានព្រំដែនគោកជាប់ប្រទេសជិតខាង

ចែករំលែក៖

ក្នុងពេលករណីឆ្លងកូវីដ-១៩នៅតែកើនឡើងខ្ពស់ក្នុងសហគមន៍ ហើយក៏បានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងចំនួន៥ករណីផងដែរនោះ កាលពីថ្ងៃទី១៨ខែធ្នូ ចិនបានសម្រេចផ្អាករាល់ដំណើរកម្សាន្តឆ្លងខេត្ត និងទីក្រុងដែលមានច្រកព្រំដែនគោកជាប់ជាមួយបណ្តាប្រទេសជិតខាង ចាប់ពីពេលនេះរហូតដល់ខែមីនាឆ្នាំ២០២២។
តាមការប្រកាសរបស់ក្រសួងទេសចរណ៍ វប្បធម៌ចិន បានបញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីថ្ងៃទី១៨ខែធ្នូ បណ្តាក្រុមហ៊ុនទេសចរណ៍នឹងត្រូវផ្អាករាល់ដំណើរកម្សាន្តឆ្លងខេត្ត-ក្រុង ដែលមានព្រំដែនគោក។ សេវាកម្មកក់សំបុត្រយន្តហោះជាមួយនឹងសណ្ឋាគារក៏ត្រូវបានផ្អាកផងដែរ ។ ប៉ុន្តែតំបន់ដែលតភ្ជាប់ជាមួយទីក្រុងហុងកុង ទីក្រុងម៉ាកាវ មិនស្ថិតនៅក្នុងការហាមប្រាមនោះឡើយ។
ក្រសួងទេសចរណ៍ចិនបានស្នើដល់បណ្តាខេត្ត-ក្រុង ត្រូវតែបញ្ជាក់ឱ្យបានច្បាស់ថា តើតំបន់ណាខ្លះដែលប្រឈមនឹងហានិភ័យខ្ពស់ពីការឆ្លងកូវីដ-១៩ គឺត្រូវតែផ្អាករាល់ដំណើរកម្សន្តជាបន្ទាន់។
ពាក់ព័ន្ធនឹងពិធីចូលឆ្នាំថ្មីខាងមុខ មន្ត្រីទទួលខុសត្រូវក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានបញ្ជាក់ថា មិនអាចអនុវត្តគោលនយោបាយរួមទាំងអស់គ្នានោះឡើយ គឺត្រូវតែវាយតម្លៃពិហានិភ័យនៅតាមតំបន់នីមួយៗ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ២,៦៦ពាន់លានដូស ក្នុងនោះមានពលរដ្ឋជាង ១,១៨ពាន់លាននាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ស្មើនឹង៨៤%នៃពលរដ្ឋ៕ ដោយ៖ធីរីណា

រូបថត៖Mang china com.cn

រូបថត៖TTXVN.VNA


ចែករំលែក៖