ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា ក្នុងខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

     ភ្នំពេញ៖ ដោយសារការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងមហាវិថីសហព័ន្ធរុស្ស៊ីនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាល់ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាមហាវិថីសហព័ន្ធរុស្ស៊ីនិងផ្លូវលេខ២០១១ ។

   នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។

   លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ ការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ បានស្ថាបនាបានច្រើនភាគរយហើយ និងបាន ដាក់ឲ្យដំណើរការផ្លូវមួយចំនួននៃស្ពានអាកាសនិងផ្លូវក្រោមដីនេះហើយដែរ ។ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឱ្យដំណើរការផ្លូវមួយចំនួននៃស្ពាននេះ លំហូរសារាចរណ៍នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី .ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សាដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

    ស្ពានអាកាសថ្មីមួយនេះគ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ។ នៅពេលការដោះស្រាយចរាចរណ៍នៅរង្វង់មូលចោមចៅបានល្អប្រសើរហើយ វាបែរមកកកស្ទះចរាចរណ៍ នៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា(ផ្លូវលេខ២០០៤កែងមហាវិថីសហព័ន្ធរុស្ស៊ី)នេះតែម្ដង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែធ្វើការសិក្សាដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀតនេះ ៕

ដោយ ៖ សំរិត


ចែករំលែក៖