មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់មានករណីឆ្លងកូវីដម្នាក់ណានៅឡើយក្នុងសហគមន៍ ប៉ុន្តែនៅពេលនេះ ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុង បានជះឥទ្ធិពលជាបន្តទៀតដល់សេដ្ឋកិច្ចប្រទេសនេះដែលកំពុងតែជួបផលលំបាកយ៉ាងខ្លាំងនាពេលកន្លងមក។
កាលពីពាក់កណ្តាលខែវិច្ឆិកា កូរ៉េខាងជើង និងចិនបានបើកទ្វារព្រំដែនបណ្តើរ ហើយមានអ្នកជំនួញធ្វើដំណើរចេញចូលនៅតាមព្រំដែន។ ពលករប្រទេសទាំងពីរក៏បានចាប់ផ្តើមជួសជុលស្ពានមិត្តភាពកូរ៉េខាងជើង-ចិន ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។
សកម្មភាពទាំងនោះត្រូវបានភាគីកូរ៉េខាងត្បូងព្យាករថា ទីក្រុងព្យុងយ៉ាងនឹងតភ្ជាប់ឡើងវិញនូវវិស័យពាណិជ្ជកម្មក្នុងពេលឆាប់ៗ។ ប៉ុន្តែការឆ្លងរាលដាលវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុងបានធ្វើឱ្យកូរ៉េខាងជើងត្រូវបិទប្រទេសជាបន្តទៀតធ្វើឱ្យបញ្ហាប្រឈមមុខកាន់តែខ្លាំងឡើង ពិសេសគឺបញ្ហាកង្វះស្បៀងអាហារ។
ផលិតផលក្នុងស្រុករបស់កូរ៉េខាងជើងបានថយចុះរហូតដល់ទៅ៤,៥% នៅក្នុងឆ្នាំ២០២០ នេះជាការធ្លាក់ចុះខ្លាំងបំផុតបន្ទាប់ពីឆ្នាំ១៩៩៧ ដែលមានសេដ្ឋកិច្ចធ្លាក់ចុះដល់ទៅ ៦,៥%។ បើទោះបីមានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង តែមេដឹកនាំកូរ៉េខាងជើងនៅតែមិនព្រមទទួលជំនួយមនុស្សធម៌ពីសហគមន៍អន្តរជាតិ៕ ដោយ៖ធីរីណា
រូបថត៖Reuters