ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មី រដ្ឋសភា ដែលជាជំនួយរដ្ឋាភិបាលវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

បន្ទាប់ពីជំនួបសម្តែងការគួរសមរួចហើយ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានរដ្ឋ បានអញ្ជើញជាអធិបតីភាពរួមគ្នានៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងបរិវេណវិមានរដ្ឋសភាផងដែរ។ 

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ លោក ង្វៀន សួនហ៊្វុក និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ដែលនឹងរួមចំណែកទ្វេដងថែមទៀតដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលមានជាយូរមកហើយនោះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ទោះបីជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក្តី ក៏កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសបានចែករំលែកព័ត៌មាន និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទាំងថវិកា និងសម្ភារៈបរិក្ខាពេទ្យ ។ ជាមួយគ្នានេះក្នុងនាម រដ្ឋសភាកម្ពុជាសម្តេចបានថ្លែងអំណរគុណ ចំពោះជំនួយជាថវិកាចំនួន ២៥លានដុល្លារអាមេរិក ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនសម្រាប់កសាងអគាររដ្ឋបាលថ្មី ដល់រដ្ឋសភា ដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ ។

លោក ង្វៀន សួនហ្វុក បានអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបាននាពេលកន្លងមក ទំាងនៅស្ថាប័ននីតិប្បញ្ញតិ្តនិងនីតិប្រតិបត្តិ។ លោកបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់ របស់សម្តេចប្រធានរដ្ឋសភានៅក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យមានការរីកចម្រើនជាលំដាប់។

សម្តេចប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យ ទំាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ នៃប្រទេសប្រទេសទំាងពីរ និងសង្ឃឹមថាក្រោមកិច្ចសហប្រតបត្តិការជាប្រពៃណី និងបងប្អូននេះ ប្រទេសទាំងពីរនឹងសម្រេចបានសមិទ្ធផលធំៗបន្តបន្ទាប់ទៀត។ 

សូមជម្រាបជូនថាអគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម នេះមានកម្ពស់១២ជាន់សាងសង់នៅលើផ្ទៃដីក្នុងវិមានរដ្ឋសភា ជាសំណង់ដែលប្រកបដោយសោភ័ណភាព ហើយនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមជារៀងតទៅ៕


ដោយ ៖ សិលា


ចែករំលែក៖