ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល២៤ម៉ោងកន្លងមក គឺច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយរដ្ឋធានីហាណូយបានជំនួសតំណែងទីក្រុងហូជីមិញ ក្លាយជាតំបន់ដែលមានករណីឆ្លងច្រើនជាងគេ ។ ប៉ុន្តែទោះបីមានករណីឆ្លងច្រើន តែវៀតណាមមិនទាន់រកឃើញវីរុសបំប្លែងថ្មីចូលក្នុងប្រទេសនៅឡើយទេ។
នៅថ្ងៃទី ២១ខែធ្នូ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន១៦,៣២៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងខាងលើមាន ១១ករណីជាករណីនាំចូល ក្រៅពីនេះជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៧០៤ករណី ខណៈទីក្រុងហូជីមិញបានរាយការណ៍ ចំនួន ៨១៣ករណីដោយមានការធ្លាក់ចុះច្រើន។
ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្តកាម៉ៅ ចំនួន១,៥៩០ករណី, ខេត្តតាយនិញ ចំនួន៩៣៩ករណី និងខេត្តខាញ់វ៉ា ចំនួន៧៩៨ករណី។ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៥០នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៥៧១,៧៨០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,១៦០,០៩០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣០,០៤១នាក់៕
ដោយ៖ធីរីណា(រូបថត៖hanoimoi.com.vn)