ខេត្តឧត្តរមានជ័យ ៖ មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ យ៉ាងសកម្មម្នាក់ឈ្មោះ ភោគ ណារិទ្ធ (ហៅ ខ្លឹង) ភេទប្រុស អាយុ ៥៤ឆ្នាំដែលមានទីលំនៅភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០២ធ្វើការឃាត់ខ្លួនកាលពីរសៀលថៃ្ងទី២១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចគោលដៅលេខ១៧ ច្រករបៀងអូរខ្លាឃ្មុំរួចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
មន្រ្តីនគរបាលការពារព្រំដែនបានឲ្យដឹងថា ប្រតិបត្តិការនេះក្រោមបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងផែននគរបាលការពារព្រំដែនគោក នាំល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែនខុសច្បាប់ ។
ក្នុងកិច្ចការពារព្រំដែននេះកម្លាំងនគរបាលការពារព្រំដែនបានឃាត់ខ្លួនជនសង្ស័យខាងលើ ដែលសមត្ថកិច្ចស្គាល់ថាជាមុខសញ្ញានាំមនុស្សឆ្លងដែនខុសច្បាប់យ៉ាងសកម្មកំពុងរៀបចំផែនការនាំមនុស្សទៅថៃ។ ក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យសារភាពថាកន្លងមកខ្លួនធ្លាប់លួចនាំពលករឆ្លងដែនទៅថៃខុសច្បាប់ប្រាកដមែន។
បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរូបនេះទៅកាន់ស្នងការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង ៕
ដោយ ៖ ប្រាថ្នា