ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួបពិភាក្សារវាង នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា, ជំនួបពិភាក្សារវាងខ្ញុំជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានទទួលលទ្ធផលផ្លែផ្កា។ កងទ័ពប្រទេសទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត សំដៅគាំទ្រគ្នាទៅវិញទៅមក រក្សាចំណងមិត្តភាពជាប្រពៃណី កសាងសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ សម្រាប់បម្រើឲ្យផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរកម្ពុជា-វៀតណាម។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំ និងពិសាអាហារពេលព្រឹកការងារជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ជូនលោក ង្វៀន សួនហ៊្វុក និងគណៈប្រតិភូជាន់ខ្ពស់ ធ្វើឡើងនៅភូមិគ្រឹះតាខ្មៅ។
ក្នុងជំនួបអាហារពេលព្រឹកនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងសិទ្ធស្នាលរាក់ទាក់ ជូនចំពោះ លោកប្រធានរដ្ឋវៀតណាម ដែលបានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញមកទទួលទានអាហារការងារពេលព្រឹកដល់ភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោបានមានប្រសាសន៍សំដែងនូវការសោកស្តាយ ដែលភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមានវត្តមានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលព្រឹកនេះ ដោយសាតែភរិយារបស់សម្តេចមានបញ្ហាសុខភាពបន្តិចបន្តួច ប៉ុន្តែមានវត្តមានកូនប្រុសទាំងបីរបស់សម្តេច គឺ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី បានចូលរួមនៅក្នុងពិធីនេះ។
នៅក្នុងពិធីទទួលទានអាហារពេលព្រឹក ជាលក្ខណៈគ្រួសារដែលបានចំណាយពេលប្រមាណ ១ម៉ោង សម្តេចតេជោនាយករដ្ឋមន្រ្តី និង លោកប្រធានរដ្ឋវៀតណាម បានធ្វើការផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក ជុំវិញការងារ មួយចំនួនដែលសម្តេច និងលោកប្រធានរដ្ឋ ធ្លាប់បានធ្វើការជាមួយគ្នា ក្នុងនាមជាប្រមុខរដ្ឋាភិបាល និងការដោះស្រាយបញ្ហាធំៗជាច្រើន ដែលបម្រើផលប្រយោជន៍ឲ្យប្រទេស និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ពិសេសការខិតខំជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ ៖ សុខ ខេមរា