នៅពេលនេះដែររដ្ឋាភិបាលសិង្ហបុរី បានផ្អាកកម្មវិធី លក់សំបុត្រយន្តហោះ និងរថយន្តក្រុង តាមកម្មវិធីទេសចរណ៍លើកលែងការធ្វើចត្តាឡីស័កមកកាន់ប្រទេសនេះដោយសារតែមានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលសិង្ហបុរីនៅថ្ងៃទី ២២ខែធ្នូ បានប្រកាសថា បានផ្អាកកម្មវិធីលក់សំបុត្រយន្តហោះតាមកម្មវិធីទេសចរណ៍លើកលែងការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី ២៣ខែធ្នូឆ្នាំ២០២១ ដល់ថ្ងៃទី ២០ ខែមករាឆ្នាំ២០២២ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសបំប្លែងថ្មី អូមីក្រុង។
កន្លងមកប្រទេសថៃ ក៏បានប្រកាសផ្អាកកម្មវិធីលើកលែងការធ្វើចត្តាឡីស័កផងដែរ ដល់អ្នកទេសចរបរទេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ អ្នកទេសចរចូលមកប្រទេសថៃគឺត្រូវតែធ្វើចត្តាឡីស័ក តាមច្បាប់ដែលបានកំណត់ ។
បច្ចុប្បន្នថៃមានករណីឆ្លងកូវីដ-១៩ ថយចុះជាងមុន ។ តាមការលើកឡើងរបស់ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី២២ ខែធ្នូ បានបញ្ជាក់ថា បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៥៣២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ៣១នាក់ស្លាប់ផងដែរ។
ចំណែកនៅលើពិភពលោកវិញ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានករណីឆ្លង ៧១៨ពាន់នាក់ និងស្លាប់ ៦៧៦០នាក់ ។ ក្នុងចំណោមអ្នកឆ្លង មាន ១/៣គឺឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។ បច្ចុប្បន្នអូមីក្រុង បានឆ្លងរាលដាលដល់ប្រទេសចំនួន១០៦ប្រទេសនិងដែនដី នៅជុំវិញពិភពលោក៕ដោយ៖ធីរីណា
រូបថត៖ AFP/VNA.