ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្ម បញ្ជាក់ពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បច្ចុប្បន្ន ដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ដំណាក់កាលវាយតម្លៃ ហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ។ ដើម្បីមានលទ្ធភាពចរចាបើក ទីផ្សារឱ្យបានលឿនឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ស្ដង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃតាមស្តង់ដារ កំណត់ឱ្យបានគ្រប់គ្រាន់។

ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមអនុវត្តដំណើរការវាយតម្លៃវិភាគ ហានិភ័យលើមៀនប៉ៃលិនពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាផងដែរ។ ដំណើរ ការវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោងនឹងប្រព្រឹត្តនៅក្នុងសប្ដាហ៍ទី១ នៃខែមករាឆ្នាំ២០២២ ខាងមុខនេះ ដោយធ្វើការជ្រើសរើសសម្រិតសម្រាំងយកចម្ការមួយចំនួនជាតំណាង និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលបច្ចុប្បន្ននេះមានរោងចក្រតែមួយបានសាង់សង់រួច មានទីតាំងនៅក្នុងខេត្តប៉ៃលិន ដើម្បីវាយតម្លៃបញ្ចប់ដំណាក់កាល វិភាគហានិភ័យមុននឹងបន្តនីតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស។

ក្នុងបរិការណ៍នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្ម មៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ត្រៀមលក្ខណៈជាស្រេចចូលរួមសហការជាមួយមន្ត្រី អគ្គនាយកដ្ឋានកសិកម្ម ដើម្បីឱ្យដំណើរការវាយតម្លៃការវិភាគហានិភ័យពីចម្ងាយនេះ ទទួលបានលទ្ធផលល្អនិងជោគជ័យ តាមផែនការគ្រោងទុក។ ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ចាប់ ផ្តើមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីស្នើសុំនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការនេះ សូមសាធារណជនទាំងអស់ ទាក់ទងទៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអង្គភាពជំនាញមានសមត្ថកិច្ចជាតិទទួលបន្ទុកលើការងារពាក់ព័ន្ធនឹង ការចរចាបើកទីផ្សារកសិផល (រុក្ខជាតិ និងផលិតផលរុក្ខជាតិ) ទៅកាន់ប្រទេសនានារួមទាំងប្រទេសចិនផងដែរ តាមរយៈ ទូរស័ព្ទលេខ០១២ ៣២៥ ៥៥៨ និង០១២ ៥៣៣ ៦៤៧។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបណ្តាញផ្សព្វផ្សាយព័ត៌មាន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖