ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងទទួលសម្ភារជំនួយ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃពធ ទី២២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងទទួលនូវសម្ភារមួយចំនួយជាជំនួយឧបត្ថម្ភរបស់ក្រសួងនគរបាលវៀតណាម ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានរដ្ឋបាល, បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញ លោក ឧត្តមសេនីយ៍ឯក តូ ឡឹម ដើម្បីពិនិត្យ និងទស្សនាសាលមហាស្របរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងទស្សនាជុំវិញបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីទស្សនាពីហ្វឹកហ្វឺនរបស់សិក្ខាកាមនគរបាល ដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្រោយពីបានអញ្ជើញពិនិត្យ និងទស្សនាអំពីសកម្មភាពរួម និងសមិទ្ធផលនានានៅបណ្ឌិត្យសភានគរបាលកម្ពុជា រួចមក គណៈប្រតិភូនៃប្រទេសទាំងពីរក៏បានបន្តជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធមួយចំនួនថែមទៀតផងដែរ។

នាឱកាសនេះដែរ លោក ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានប្រគល់ជូននូវសម្ភារមួយចំនួន ជូនដល់ក្រសួងមហាផ្ទៃកម្ពុជា ដែលរួមមាន៖ រថយន្ដចំនួន៥គ្រឿង, ម៉ូតូ ចំនួន៥គ្រឿង និងសម្ភារពេទ្យសម្រាប់សង្គ្រោះបន្ទាន់មួយចំនួនទៀត។

ក្នុងការអញ្ជើញទទួលនូវសម្ភារមួយចំនួននេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានទឹកចិត្តសប្បុរសធម៌បាននាំយកនូវសម្ភារមួយចំនួននេះជូនដល់ក្រសួងមហាផ្ទៃកម្ពុជានាពេលនេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖