ព័ត៌មានទាន់ហេតុការណ៍៖

អង្គការណាសាបាញ់បង្ហោះកែវយឹត James Webb ដោយជោគជ័យ

ចែករំលែក៖

អន្តរជាតិ៖ ការរង់ចាំជាច្រើនទសវត្សកន្លងមករបស់ក្រុមតារាវិទូ ពេលនេះបានក្លាយជាការណ៍ពិតហើយ ដោយកែវយឹត James Webb Space Telescope បានបាញ់បង្ហោះទៅគន្លងតារាវិថីដោយជោគជ័យ នៅវេលាម៉ោង ១២និង២០នាទីម៉ោងសកលនាថ្ងៃទី ២៥ខែធ្នូកន្លងមកថ្មីៗនេះ។

កែវយឺត James Webb Space Telescope នឹងត្រូវចំណាយពេលជាច្រើនសប្តាហ៍ទើបទៅដល់គន្លងវិថីរបស់វា និងត្រូវចំណាយពេលដល់ទៅ៦ខែទើបអាចដំណើរការ។
កែវយឹតអវកាស James Webb ត្រូវបានបញ្ជូនឡើងទៅកាន់លំហអវកាសតាមរយៈគ្រាប់រ៉ុក្កែត Ariane 5 របស់អឺរ៉ុប កាលពីវេលាម៉ោង០៧ៈ២៩នាទីព្រឹកថ្ងៃទី២៥ខែធ្នូ (ពេលវេលានៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក) ចេញពីមូលដ្ឋានបង្ហោះយានអវកាសរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលស្ថិតនៅភាគខាងជើង នៃទ្វីបអាមេរិកខាងត្បូង។
ដោយត្រូវធ្វើដំណើរឆ្លងកាត់ទីអវកាសរយៈពេល២សប្តាហ៍ទៀត កែវយឺតអវកាស James Webb នឹងទៅដល់គោលដៅរបស់វា នៅក្នុងគន្លងគោចរជុំវិញព្រះអាទិត្យ ដែលស្ថិតនៅចម្ងាយប្រហែល១.៥លានគីឡូម៉ែត្រពីភពផែនដី ពោលគឺឆ្ងាយជាងគម្លាតរវាងផែនដី នឹងព្រះចន្ទប្រមាណ៤ដង។
ធៀបជាមួយកែវយឺតអវកាសជំនាន់មុនគឺ Hubble Space Telescope កែវយឺត James Webb មានសមត្ថភាពខ្ពស់ជាងឆ្ងាយ ដែលត្រូវគេរំពឹងថា នឹងជួយបង្កើនការយល់ដឹងរបស់អ្នកវិទ្យាសាស្រ្តបានកាន់តែច្រើនថែមទៀតអំពីចក្រវាឡ។ កែវយឺតអវកាសថ្មីនេះ នឹងចាប់ផ្តើមធ្វើប្រតិបត្តិការនៅខ្ទង់ពាក់កណ្តាលឆ្នាំ២០២២ ក្រោយពីវាចំណាយពេលធ្វើការសម្របសម្រួលជាមួយនឹងឧបករណ៍ផ្សេងៗហើយរួចរាល់។
កែវយឺតអវកាស James Webb ត្រូវបានអភិវឌ្ឍឡើងដោយប្រើថវិកា៨.៨ពាន់លានដុល្លារ ប៉ុន្តែបើបូកការចំណាយសម្រាប់ការធ្វើប្រតិបត្តិការរបស់វាថែមទៀតនោះនឹងកើនដល់ប្រហែល៩.៦៦ពាន់លានដុល្លារ ដែលខ្ពស់ជាងការគ្រោងទុកឆ្ងាយណាស់ នៅពេលដែលអង្គការ NASA បានដាក់គោលដៅថា នឹងបាញ់បង្ហោះវានៅឆ្នាំ២០១១។ កែវយឺតអវកាសនេះ ត្រូវបានរចនាឡើងដើម្បីឱ្យអាចធ្វើប្រតិបត្តិការបានយ៉ាងហោចណាស់ក៏១០ឆ្នាំដែរ៕ ដោយ៖ធីរីណា

រូបថត៖NASA

រូបថត៖AP


ចែករំលែក៖