ក្រុមមេឃខៀវ Manchester City នឹងឈានចូលឆ្នាំថ្មីជាមួយនឹងការនាំមុខ៨ពិន្ទុនៅលើកំពូលតារាង Premier League បន្ទាប់ពីគ្រាប់បាល់ដំបូងរបស់ខ្សែប្រយុទ្ធ Phil Foden បានធ្វើឱ្យក្រុមនេះឈ្នះ១ទល់០នៅលើក្រុម Brentford កាលពីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍។
Foden បានស៊ុតបាល់បញ្ជូលទីក្រុមម្ចាស់ផ្ទះBrentfordនៅនាទីទី១៦ពីការបញ្ជូនបាល់របស់ Kevin de Bruyne ហើយជាគ្រាប់បាល់ជ័យជម្នះរបស់ Man City ដើម្បីបន្តឈ្នះលីគជាលើកទី១០ជាប់ៗគ្នាសម្រាប់ក្រុមជើងឯកដែលដឹកនាំដោយលោក Pep Guardiola ។
ជាមួយនឹងក្រុម Liverpool ចាញ់ Leicester City កាលពីថ្ងៃអង្គារ និង Chelsea បានត្រឹមស្មើ១ទល់១ជាមួយក្រុម Brighton នោះ ធ្វើឲ្យក្រុម Man City បានដណ្តើមបានការគ្រប់គ្រងទាំងស្រុងនៃការប្រជែងដណ្តើមពាន។
ការប្រកួតនោះក្រុម Man City មានឱកាសច្រើនក្នុងការរកគ្រាប់បាល់ ដោយខ្សែបម្រើ De Bruyne បានស៊ុតបុកបង្គោលទី ហើយទាំង Fodenនិង Aymeric Laporte មានឱកាសស៊ុត ប៉ុន្តែត្រូវអ្នកចាំទីក្រុម Brentford ជួយសង្គ្រោះបានជារឿយៗ។
ចំណែកក្រុមតោខៀវ Chelsea បានត្រឹមស្មើក្នុងទឹកដីខ្លួនឯងជាមួយក្រុម Brighton ក្នុងលទ្ធផល១ទល់១។ ក្រុមម្ចាស់ផ្ទះ Chelsea មានឱកាសរកបានគ្រាប់បាល់នាំមុខនៅនាទីទី២៨ ដោយខ្សែប្រយុទ្ធ Romelu Lukaku ក្នុងតង់ទី១ ប៉ុន្តែចូលដល់ការប្រកួតតង់ទី២ ការប្រកួតជិតនឹងចប់ទៅហើយ ក្រុមភ្ញៀវ Brighton រកបាន១គ្រាប់សងវិញនៅនាទីទី៩០+១ ដោយកីឡាករ Welbeck ធ្វើឲ្យក្រុម Chelsea ឈរចំណាត់ថ្នាក់លេខ២ជំនួសក្រុម Liverpool ។
ក្នុងជ័យជម្នះនេះក្រុម Man City បានបន្តឈរកំពូលតារាងជាមួយនឹង៥០ពិន្ទុក្នុង២០ប្រកួត ខណៈ Chelsea ឈរចំណាត់ថ្នាក់លេខ២ មាន៤២ពិន្ទុ ក្នុង២០ប្រកួតដែរ។ ចំណែកក្រុមហង្សក្រហម Liverpool ឈរចំណាត់ថ្នាក់លេខ៣ មាន៤១ពិន្ទុ ក្នុង១៩ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)