ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តកូរ៉េបុកឡើងខឿនផ្លូវនិងបង្គោលភ្លើងបាក់អស់មួយដើមបណ្តាលឱ្យក្រឡាប់ចាក់ទឹកកកចោលរាយពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យងងុយដេកហើយទើបបើករថយន្តកូរ៉េដឹកទឹកកកបុកឡើងលើខឿនផ្លូវនិងជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើមទៀត បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងចាក់ទឹកកកចោល រាយពេញផ្លូវ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

   ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តកូរ៉េចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6884 បើកបរតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើករថយន្តងងុយដេកបានរេចង្កូតទៅបុកឡើងលើខឿនផ្លូវ និងបង្គោលភ្លើងបាក់អស់មួយដើម បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងចាក់ទឹកកកចោលពេញផ្លូវ តែសំណាងល្អដែរដែលមិនមានអ្នករងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍បានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖