ខេត្តស្ទឹងត្រែង ៖ ឈើ៩ដើមត្រូវសមត្ថកិច្ចនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើបង្ក្រាប ខណ:ដែលមេឈ្មួញឈ្មោះ (ហេង) លួចដឹកតាមរថយន្តកែច្នៃ គ្មានច្បាប់អនុញ្ញាតជាច្រើនដងមកហើយគ្មានការបង្ក្រាបឡើយ ទើបតែពេលនេះសមត្ថកិច្ចបានឆ្មក់បង្ក្រាបនៅវេលាម៉ោងប្រមាណ០៩ៈ១៥នាទីយប់ថ្ងៃទី០២ ខែមករាឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៩ ម្តុំបក្សីមេគង្គ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។
បើតាមប្រភពបានលួចបង្ហើបឱ្យដឹងថា ឈ្មួញឈ្មោះ(ហេង)នេះតែងតែលួចដឹកជញ្ជូនឈើតាមរថយន្តកែច្នៃរបស់គាត់ជារឿយៗដែលភាគច្រើននៅពេលយប់ ហើយក៏ធ្លាប់ឃើញសមត្ថកិច្ចនៅតាមដងផ្លូវមួយចំនួនមកកាក់ឱ្យឈប់មួយស្របក់រួចឱ្យបន្តដំណើរទៅមុខ ដូចជាគ្មានការរំខានអ្វីដែរ។ ប្រភពដដែលបានបន្តថា ឈើទាំងនេះភាគច្រើនដឹកចូលទៅទម្លាក់នៅក្នុងបក្សីមេគង្គដែលជាតំបន់ទេសចរណ៍មួយ ដោយឮថាយកទៅលក់ឱ្យថៅកែធ្វើ(រីសត) ហើយគួរឱ្យចម្លែកដែរដែលថៅកែទិញឈើនេះគ្មានច្បាប់សោះហេតុអ្វីធ្វើរីសតប៉ុនណាប៉ុនណីហើយ គ្មានច្បាប់ដឹកជញ្ជូនឈើទៅវិញ? ក្រោយការចុះបង្ក្រាបនិងឃាត់ភ្លាមៗ កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញក៏បានសួរនាំទៅតៃកុងបើករថយន្តកែច្នៃដឹកឈើខាងលើ ដោយគ្មានច្បាប់អនុញ្ញាតដឹកជញ្ចូនផលអនុផលព្រៃឈើត្រឹមត្រូវនោះទើបសមត្ថកិច្ចនិងមន្ត្រីជំនាញសម្រេចនាំយកមករក្សាទុក្ខនៅខណ្ឌរដ្ឋបាលព្រៃឈើ នៅចំណុចគល់ស្ពានសេកុង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ។
សូមបញ្ចាក់ថា ឈើដែលបង្ក្រាបបានខាងលើនោះមានចំនួន៩ដើម ប្រវែង៤,៥,៦ម៉ែត្រ ជាប្រភេទឈើសសរ មាន៣ប្រភេទ ឈើឈ្លីក ឈើសុក្រំ និងឈើផ្ចឹកមានមុខកាត់ចាប់ពី២៥×២៥ ,៣០×៣០ ,២៥×២៥ មានគ្រាក់ ឃ្លុំ៤ជ្រុង និង៨ជ្រុង ដឹកចេញពីស្តៅមកទម្លាក់ទុកនៅចំណុចផ្លូវចូលបក្សីមេគង្គខាងលើ ហើយនៅមិនទាន់បានវាស់វែង ឲ្យដឹងចំនួនម៉ែត្រគូបនៅឡើយទេ៕
ដោយ៖មាស សុផាត