ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទៅឆក់ត្រីនៅអូរតាខាំតែភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានអ្នកភូមិក៏ដូចជាក្រុមគ្រួសារប្រទះឃើញស្លាប់នៅក្នុងអូរតាខាំ បន្ទាប់ពីឆក់ត្រីហើយធ្វេសប្រហែស ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០២ខែមករាឆ្នាំ២០២២នៅត្រង់ចំណុចអូរតាខាំស្ថិតក្នុងភូមិពោធិម្អម ឃុំត្នោត ស្រុកកំពង់រោទ៍។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះនូ ឌីណា អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពោធិម្អម ឃុំត្នោត ស្រុកកំពង់រោទ៍។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះទៅពិនិត្យសពហើយតាមការធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយការឆក់ត្រីហើយភ្លាត់ស្នៀតឆក់ខ្លួនឯងប្រាកដមែន ដោយមិនមានស្លាកស្នាមថាជារឿងឃាតកម្មនោះទេ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះបានដើរទៅខាងលិចភូមិចម្ងាយ៣គីឡូម៉ែត្រត្រង់ចំណុច(អូរតាខាំ)ក្នុងគោលបំណងដើម្បីឆក់ត្រីទុកធ្វើម្ហូបពេលល្ងាច។

   ប្រភពបន្តថា ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាបានស្លាប់ក្នុងអូរតាខាំបាត់ទៅហើយដោយសារតែការធ្វេសប្រហែស ភ្លាត់ស្នៀតឆក់ខ្លួនឯង។

ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖