ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid បរាជ័យលើកដំបូងក្នុង១០ប្រកួតនៅ La Liga ក្រោមថ្វីជើង Getafe

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានបាត់បង់ឱកាសក្នុងការបើកការនាំមុខ១១ពិន្ទុនៅលើកំពូលតារាង La Liga ខណៈដែលពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះ Getafe ក្នុងលទ្ធផល១ទល់០ កាលរាត្រីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ដែលធ្វើឲ្យក្រុមខ្លាំងមួយនេះចាញ់ជាលើកដំបូងក្នុងការប្រកួតនៅអេស្ប៉ាញ១០ប្រកួតចុងក្រោយ។

កីឡាករ Enes Unal របស់ក្រុម Getafe រកបានគ្រាប់បាល់តែ១គ្រាប់គត់បន្ទាប់ពីបានស៊ុតបញ្ចូលទីនៅនាទីទី៩ នៅពេលដែលកីឡាករូបនេះបានដណ្តើមបាល់ពីកីឡាករ Eder Militao នៅក្នុងតំបន់ប៉េណាល់ទីរបស់ក្រុមReal Madrid ។

ការប្រកួតនោះក្រុមភ្ញៀវ Real Madrid បានព្យាយាមវាយសម្រុកយ៉ាងខ្លាំង​ ហើយខ្សែបម្រើ Luka Modric បានព្យាយាមស៊ុតបាល់បញ្ចូលទីលើក្រុម Getafe ដែរ ប៉ុន្តែត្រូវបានរារាំងដោយខ្សែការពារ និងអ្នកចាំទី។ ក្រុម Real Madrid បានគ្រប់គ្រងបាល់ក្នុងតង់ទី១ ប៉ុន្តែបានត្រឹមតែការសង្គ្រោះមួយពីអ្នកចាំទី David Soria របស់ក្រុម Getafe ដែលធ្វើបានយ៉ាងអស្ចារ្យក្នុងការបញ្ជូនបាល់ពីចម្ងាយរបស់ Modric ឆ្លងផុតបង្គោលទី។

ជាមួយគ្នានេះខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះក៏បានវាយបកដោយជើងឆ្វេងយ៉ាងល្អពីតំបន់ពិន័យរបស់ក្រុម Getafe ខណៈដែលខ្សែបម្រើ Toni Kroos ក៏បានព្យាយាមស៊ុតពីចម្ងាយផងដែរ ប៉ុន្តែត្រូវអ្នកចាំទីសង្គ្រោះបាន។ Real Madrid បានបង្កើនសម្ពាធក្នុងតង់ទី២ ហើយប៊ិសនឹងតាមស្មើទៅហើយដោយការស៊ុតបាល់ពី Casemiro ប៉ុន្តែការប្រឹងប្រែងវាយសម្រុកយ៉ាងខ្លាំងរបស់ខ្សែបម្រើរូបនេះត្រូវបានបិទដោយសុវត្ថិភាពដោយអ្នកចាំទី Soria ។

ក្រុម​របស់​លោក Carlo Ancelotti បាន​លេងលើស២​ប្រកួត​ច្រើន​ជាង​គូ​ប្រជែងលេខ២ Sevilla ដែល​ត្រូវ​ជួប​ជាមួយ Cadiz នៅ​ថ្ងៃ​ចន្ទនេះ។ក្រោយពីបរាជ័យនេះក្រុម Real Madrid បន្តកាន់កាប់កំពូលតារាងដដែលមាន៤៦ពិន្ទុ ក្នុង២០ប្រកួតនៅ La Liga ខណៈដែលក្រុមឈរលេខ២ Sevilla មាន៣៨ពិន្ទុ ក្នុង១៨ប្រកួត។

ចំណែកក្រុមលេខ៣ Real Batis មាន៣៣ពិន្ទុ ក្នុង១៩ប្រកួត និងក្រុមលេខ៤ Atletico Madrid មាន៣២ពិន្ទុ ក្នុង១៩ប្រកួតដែរ។

រីឯក្រុមអ្នកមានបុណ្យ Barcelona ដែលធ្លាប់តែជាក្រុមគ្រងជើងឯក La Liga ច្រើនជាងគេនោះ នៅរដូវកាលនេះហាក់ធ្វើមិនបានល្អដោយបានហក់មកឈរចំណាត់ថ្នាក់លេខ៥ មាន៣១ពិន្ទ ក្នុង១៩ប្រកួត ក្រោយពីយកឈ្នះក្រុម Mallorca ក្នុងលទ្ធផល១ទល់០កាលពីយប់មិញ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖