ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៤នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងយកជនរងគ្រោះទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី០២ ខែមករាឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ឡុង វណ្ឌី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករឡឥដ្ឋ រស់នៅភូមិអូរសាង៉ាម ឃុំ ដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N-២០០៩។
ចំណែកភាគីរងគ្រោះមានឈ្មោះ ស៊ុន ណាចិត្រ្តា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ និងអ្នករួមដំណើរ២នាក់មានឈ្មោះគង់ សាវឿន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រនិងឈ្មោះសំបូរ ជីជី ភេទស្រី អាយុ៥ឆ្នាំ អ្នកទាំង៣មានទីលំនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១L-២៩៣៨។
បើតាមសាក្សីបានឱ្យដឹងថា មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N-២០០៩ដោយធ្វើដំណើរពីកើតទៅលិចមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L -២៩៣៨ជិះគ្នា៣នាក់ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាចោមរោមមើលនិងយកជនរងគ្រោះទៅមន្ទីរពេទ្យ។
ក្រោយមក មធ្យោបាយធ្វើដំណើរទាំង២គ្រឿងត្រូវសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖យឹម សុថាន