ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនចាំម៉ាកមួយគ្រឿងបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដែលជិះម៉ូតូចេញមកពីចូលរួមកម្មវិធីបងប្អូនមួយកន្លែងស្រាប់តែត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងបុកពេញទំហឹងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IA-2359 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងធ្វើដំណើរបញ្រ្ចាសទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនបានបុកម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូដួលអូសប្រហែល៥ម៉ែត្រធ្វើឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ចំណែករថយន្តបង្កបានបន្តដំណើររត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តស្វែងរករថយន្តបង្កមកធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖